(កំពត)៖ ផ្លូវជាតិចំនួន៤ ក្នុងភូមិសាស្ដ្រខេត្តកំពត រួមមាន ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កំពុងតែទទួលរងការខូចខាតយ៉ាងខ្លាំង ដោយរថយន្ដធុនធំជាច្រើនគ្រឿង បានធ្វើចរាចរណ៍ឆ្លងកាត់ ដែលបានបង្វែរចរាចរណ៍ពីផ្លូវជាតិលេខ៤ ព្រោះតែជំនន់ទឹកភ្លៀង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់​មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត ក៏ដូចជា ក្រសួងសាធារណការ ក៏បានជម្រាបជូនដល់អ្នកប្រើប្រាស់បណ្ដាញផ្លូវថ្នល់ ដែលរងការខូចខាតខាងលើ សូមមេត្តាយោគយល់ និងអធ្យាស្រ័យដោយក្ដីអនុគ្រោះ ហើយមន្ទីរនឹងធ្វើការជួសជុលនូវកំណាត់ផ្លូវទាំងនោះភ្លាម បន្ទាប់ពីអាកាសធាតុល្អប្រសើរឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកធ្វើដំណើរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាកការធ្វើចរាចរ នៅលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្នទៀតហើយ បន្ទាប់ពីមានការវាយប្រហារដោយទឹកជំនន់។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា មូលហេតុនៃការផ្អាកនេះ ដោយសារជំនន់ទឹកភ្លៀង បានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១៥ (ព្រះសីហនុ)។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តទាំងពីរ បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងទៅខេត្តព្រះសីហនុ និងខេត្តកោះកុងប្រើប្រាស់ផ្លូវជាតិលេខ៤១ និង ផ្លូវជាតិលេខ៣ជំនួសវិញ។

យ៉ាងណាមិញ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានដឹកនាំមន្រ្តី ក៏ដូចជាអាជ្ញាធរខេត្ត ចុះពិនិត្យកំណត់ផ្លូវជាតិលេខ៤ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃនេះផងដែរ។

ក្នុងដំណើរចុះមកពិនិត្យកំណាត់ផ្លូវនាព្រឹកនេះ លោក ស៊ុន ចាន់ថុល ក៏បានជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺផងដែរ៕