(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តផ្តល់ថវិកា បស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១០% បន្ថែមទៀតនៃថវិកាជំនួយ ជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជា។
ការសម្រេចចិត្ត ផ្តល់ថវិកាបន្ថែមនេះ បង្ហាញពីឆន្ទៈដ៏មុះមុត និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ បញ្ហាមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ទុកតាំងពី សម័យសង្គ្រាមនាពេលកន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងខ្លាំង ហើយប្រទេសម្ចាស់ជំនួយ និងដៃគូរអភិវឌ្ឍន៍ទាំងអស់សប្បាយចិត្ត និងគាំទ្រយ៉ាងខ្លាំងចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលក្នុងការផ្តល់ថវិកាបន្ថែមដល់វិស័យសកម្មភាពមីននេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ដែលរងការគម្រាមកំហែង ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមពិសេសបងប្អូនជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ទេសរដ្ឋមន្រ្តី លី ធុជ បានបន្ថែមទៀតថា ក្នុងនាមគ្រួសារវិស័យសកម្មភាពមីន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់បំផុត ចំពោះវិស័យសកម្មភាពមីន ជាពិសេសការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រឈមនឹងហានិភ័យខ្ពស់ នៅក្នុងតំបន់ទាំងនោះ។
លោកបាបញ្ជាក់បន្ថែមទៀតថា «ការជួយដល់វិស័យសកម្មភាពមីន ជាការខិតខំរបស់រាជរដ្ឋភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ នៅតាមជនបទ»៕