(កំពង់ធំ)៖ ​សហគមន៍ខ្មែរឥស្លាម ដែលមានចាស់ព្រឹទ្ធាចារ្យ សកម្មជន និង​តំណាងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ទូទាំងឃុំបឹង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានមកជួបជុំគ្នានៅ​ ព្រះវិហារឥស្លាម ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ​ដើម្បីចូលរួមអបអរសាទរពិធីសំណេះសំណាល និងឃោសនារកសំឡេងឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់​លោកអូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ សហគមន៍អ្នកឃុំបឹង ​បានចាត់ទុកការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គឺកាតព្វកិច្ចសំខាន់ ស្មើអាយុជីវិត ព្រោះមានតែការសម្រេចចិត្តបោះឆ្នោតជ្រើសរើស មេដឹកនាំរបស់ខ្លួននេះហើយ ដែលជាការសម្រេច ជោគវាសនា​សម្រាប់ជីវិតរស់នៅរបស់ពួកគេ ថា តើនឹងមានវាសនាយ៉ាងណានោះ ហើយបើសិនជាការសម្រេចចិត្តខុស គឺសម័យកាលសង្គ្រាមយុងឃ្នង ប្រាកដជានឹងមកជួបពួកគេវិញ ដូចមានបទពិសោធន៍រួចកាលសម័យសង្គ្រាម ដែលបានយាយីកម្ពុជារាប់ទស្សវត្ស។​

ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ បានកោតសរសើរដល់អ្នកឃុំបឹង ដែលជានិច្ចកាល តែងតែបានគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយផ្តល់ការទុកចិត្តផ្ញើវាសនានៅជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោកប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា រូបនេះបានបន្តថា សន្តិភាព និង​ការអភិវឌ្ឍ​មកដល់សព្វថ្ងៃនេះ ក្រៅពីការលះបង់របស់គណបក្សប្រជាជនកម្ពុជា វាក៏ជាចំណែក នៃការចូលរួមកសាងដោយឆន្ទៈរបស់បងប្អូន ជនរួមជាតិ និងការផ្តល់កម្លាំងចិត្ត ជាពិសេសការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕