(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ​ លោក គួច​ ចំរើន​ អភិបាល​ខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយលើបញ្ហាធំដែលកំពុង ប្រឈមសម្រាប់សង្គមមាន២ គឺមាន​បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន​ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ​ នៅបឋមសិក្សា​ និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម

ជាមួយគ្នានោះ លោក គួច​ ចំរើន​ ក៏បានជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្សថ្នាក់ទី១២ ឲ្យខិតខំរៀនសូត្រ ដើម្បីបន្តការសិក្សា ទៅថ្នាក់វិទ្យាល័យបន្តទៅមុខទៀត។

លោក គួច​ ចំរើន​ បានថ្លែងប្រាប់ទៅសិស្សានុសិស្ស នៃបឋមសិក្សា-វិទ្យាល័យដីដុះថា ក្នុងនាមជាសិស្សសាលា ត្រូវគិតលើបញ្ហា២ដ៏ធំ​ គឺមាន​គ្រោះថ្នាក់ចរាចរណ៍​ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ ដល់អាយុជីវិត ជនរួមជាតិជារៀងរាល់ថ្ងៃ។

លោកបានបន្ដថា «យើងត្រូវផ្សព្វផ្សាយបន្ត​ ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍ ​ត្រូវពាក់មួកសុវត្ថិភាព​ ចេះអធ្យាស្រ័យគ្នា​ ចេះយោគយល់គ្នា​ កុំប្រើប្រាស់គ្រឿងញៀន​ កុំសេពគ្រឿងស្រវឹងជាដើម ក្នុងពេលកំពុងបើកបរ​ ដើម្បីបញ្ជៀសនូវ​គ្រោះថ្នាក់ក្នុងការបើកបរ»

អភិបាល​ខេត្តកំពង់ចាម បានបញ្ជាក់ថា ដូច្នេះយើងត្រូវរួមគ្នាថែរក្សាជីវិត ដល់ពលរដ្ឋដោយកុំខឹង នឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍​ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍​នៅលើដងផ្លូវ។ បញ្ហាជាពិសេសប្រចាំថ្ងៃនោះ គឺបញ្ហាសម្រាមត្រូវធ្វើការគ្រប់គ្រង់ បានត្រឹមត្រូវយើងត្រូវប្រមូលប្រចាំ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឲ្យកក់ស្ទះនៅលើដងផ្លូវផងដែរ។

នាឱកាសនោះ លោក គួច​ ចំរើន​ បានគូសបញ្ជាក់ថា យុវជន គឺជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍កសាងប្រទេស ឲ្យមានភាពរុងរឿងរីកចម្រើនជាបន្តបន្ទាប់ទៀត​ ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន​ ត្រូវយល់ដឹងនូវផលប៉ះពាល់ ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។

អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់លោកគ្រូ-អ្នកគ្រូ ត្រូវធ្វើការណែនាំលើបញ្ហាអសកម្ម ដែលកើតមានឡើងលើបញ្ហាគ្រោះថ្នាក់​ នឹងបញ្ហាគ្រឿងញៀន ក្នុងពេលគោរពទង់​នៅបឋមសិក្សា​ និងវិទ្យាល័យដីដុះ ក្រុងកំពង់ចាម លោកបានជំរុញដល់សិស្សានុសិស្សទាំងអស់ បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង​ សង្គមគ្រួសារ នឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕