(ភ្នំពេញ)៖ ប្រធានគណៈប្រតិភូ នៃគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) ហុងកុង លោក Simon Peh Yun-lu អមដំណើរដោយសមាជិកគណៈប្រតិភូ៤រូបទៀត នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២​ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ ICAC នឹងចូលជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអ.ប.ព និងចូលជួយសម្តែងការគួរសមជាមួយ លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយកម្ពុជា។

សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចទៅកាន់៣ប្រទេសក្នុងពេលតែមួយរបស់ ICAC ដែលបានចាប់ផ្តើមពីប្រទេសវៀតណាម ថៃ និងបន្តមកប្រទេសកម្ពុជា។

ដំណើរទស្សកិច្ចមន្ត្រីជាន់ខ្ពស់របស់ ICAC មកកាន់ប្រទេសស្ថិតតាមបណ្តោយផ្លូវខ្សែក្រវ៉ាត់សេដ្ឋកិច្ច ផ្លូវមួយ ក្រវ៉ាត់មួយនេះ ក្នុងគោលបំណងរឹតចំណងទំនាក់ទំនង លើកាងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ឲ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព៕