(ភ្នំពេញ)៖ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ជាកម្មវិធីមួយបង្កើតឡើងរួមគ្នារវាងក្រុមហ៊ុន Star Auto Cambodia ជាមួយបណ្តាញព័ត៌មាន Fresh News និងព័ត៌មានអេឡិចត្រូនិកថ្មីៗ ក្នុងបំណងលើកកម្ពស់ ផ្សព្វផ្សាយតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងផ្សព្វផ្សាយផលិតផលរបស់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទ។

ជាមួយការបើកទំព័រកម្មវិធីរបស់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៧ «មែកសឺដេស និងកំណប់អាថ៌កំបាង» បានជ្រែកដែនសីមា ព្រៃព្រឹក្សាឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ដែលជាខេត្តមួយស្ថិតនៅមិនឆ្ងាយពីរាជធានីភ្នំពេញ និងសម្បូរដោយតំបន់ទេសេចរណ៍ធម្មជាតិ។ ជាពិសេស គឺបានផ្សព្វផ្សាយពីតំបន់អេកូរទេសចរណ៍ដ៏មានសក្តានុពលនៅលើខ្នងភ្នំសំកុះក្នុងឃុំអូរសោម ស្រុកវាលវែង។ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍លើខ្នងភ្នំសំកុះ ស្ថិតតាមជួរភ្នំក្រវាញនេះ ធ្វើឲ្យមានការទាក់ទាញអ្នកទេសចរទៅលេងកម្សាន្ត និងទស្សនាតំបន់ទេសចរណ៍លាក់កំបាំងលើខ្នងភ្នំនោះយ៉ាងច្រើន បើធៀបជាមួយពេលមិនទាន់មានការផ្សព្វផ្សាយ។

លោក នួន លីម ដែលជាមគ្គុទ្ទេសក៍នៅឃុំអូរសោម បានលើកឡើងថា លោកមានការភ្ញាក់ផ្អើលខ្លាំង ព្រោះបន្ទាប់ពីការផ្សព្វផ្សាយរបស់ Fresh News និងថ្មីៗ ចំនួនអ្នកទេសចរកើនឡើងយ៉ាងច្រើន។ លោក នួន លីម បានបញ្ជាក់ថា ៦ខែដើមឆ្នាំ២០១៨នេះ តំបន់ទេសចរនៅឃុំអូរសោមទទួលបានភ្ញៀវអន្តរជាតិរហូតដល់ ៨១១នាក់ ដែលជាចំនួនមួយដ៏ច្រើន។

លោក នួន លីម បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងដែរឆ្នាំនេះ។ ខ្ញុំមិនដែលបានគិតសោះ ពីព្រោះខ្ញុំជាអ្នកស្រុក ជាអ្នកហ្កាយ (មគ្គុទ្ទេសក៍) ធម្មតា ខ្ញុំអត់ដែលបានប៉ុន្មានយកប៉ុណ្ណឹង។ ទើបតែរយៈពេលពីរឆ្នាំនេះ គឺភ្ញាក់ខ្លួនមែនទែន បន្ទាប់ពី Fresh News និងថ្មីៗ អញ្ជើញទៅដល់ហើយខ្ញុំបូកចំនួន និងទិន្នន័យអ្នកទេសចរគាត់មកច្រើន តាំងពីរយ រហូតដល់ពាន់នាក់។ ខ្ញុំភ្ញាក់ខ្លួនមែនទែន ចង់ភ័យថា លុយហ្នឹងមិនដឹងយកទៅចាយនៅណាអស់»

មគ្គុទ្ទេសក៍ទេសចរណ៍ និងជាម្ចាស់អាហារដ្ឋាន-ផ្ទះសំណាក់នៅឃុំអូរសោម លោក នួន លីម បានឲ្យដឹងថា កំណើនអ្នកទេសចរទៅលេងកម្សាន្តនៅឃុំអូរសោម បានផ្តល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅឃុំអូរសោម ទាំងអ្នកនាំភ្ញៀវទេសចរ និងប្រជាពលរដ្ឋប្រកបរបរលក់ដូរផ្សេងៗ។

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានថ្លែងអំណរគុណ និងកោតសរសើរជាខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ «មែកសឺដេស និងកំណប់អាថ៌កំបាំង» ដែលបានជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងខេត្តពោធិ៍សាត់។ ទន្ទឹមនឹងការថ្លែងអំណរគុណនេះ លោកអភិបាលខេត្ត ក៏បានផ្តល់បណ្ណសរសើរម្នាក់មួយដល់ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុនចែកចាយរថយន្តល្បីលំដាប់កំពូលរបស់ពិភពលោក Mercedes-Benz នៅក្នុងប្រទេសកម្ពុជា, អង្គភាពព័ត៌មាន Fresh News និងព័ត៌មានអេឡិកត្រូនិកថ្មីៗ។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតឡើងនៅចុងឆ្នាំ២០១៧ កម្មវិធី «មែកសឺដេស និងកំណប់អាថ៌កំបាំង» បានធ្វើបេសកកម្មផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅខេត្តចំនួន៣រួចហើយ រួមមានខេត្តពោធិ៍សាត់ កំពង់ស្ពឺ និងខេត្តរតនគិរី។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រុមការងារបានពុះពារឡើងលើភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា ១,៨១៣ម៉ែត្រ។ ការផ្សព្វផ្សាយពីផ្ទាំងទស្សនីយភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំឱរ៉ាល់នេះ ក៏បាននិងកំពុងធ្វើឲ្យមានការទាក់ទាញភ្ញៀវទេសចរជាខ្លាំងផងដែរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏ធ្លាប់បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី «មែកសឺដេស និងកំណប់អាថ៌កំបាំង» ផងដែរ ចំពោះបេសកកម្មជួយលើកកម្ពស់ និងជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដែលជាវិស័យស្នូលមួយសម្រាប់សេដ្ឋកិច្ចជាតិ៕