(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងថា ស៊ីម៉ាក់ត្រូវការធនធានទាំងសម្ភារៈ និងថវិកា សរុបជទឹកប្រាក់ជាង១០០លានដុល្លារអាមេរិក ក្នុងការគាំទ្រប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។

លោក ហេង រតនា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រកាសបញ្ចូលក្របខ័ណ្ឌ បំពាក់ឋានន្ដរស័ក្ដិ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីស៊ីម៉ាក់ ចូលជននិវត្តន៍ បាត់បង់សមត្ថភាពការងារ និងពិការ​ចំនួន២៧១នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨។

លោកបានបញ្ជាក់ថា «ក្នុងការបន្ដដោះស្រាយ និងលុបបំបាត់បញ្ហាគ្រាប់មីននេះ ស៊ីម៉ាក់បានរៀបចំផែនការរំកិល១០ឆ្នាំរបស់ខ្លួន (២០១៦-២០២៥) ស្របតាមតម្រូវការរបស់ប្រជាជន និងរាជរដ្ឋាភិបាល ដោយធ្វើយ៉ាងណាធ្វើការបោសសម្អាតផ្ទៃដីចំការមីនជិត ៥ម៉ឺនហិកតា និងរំដោះផ្ទៃដីចំការមីនសង្ស័យចំនួនជាង ១២ម៉ឺនហិកតា ក្នុងនោះនឹងបង្កើនសមត្ថភាពឆ្លើយតបទៅនឹងសំនូមពរបន្ទាន់ៗ របស់ប្រជាជន និងអាជ្ញាធរឲ្យបានប្រមាណ ២ម៉ឺនសំណូមពរក្នុងមួយឆ្នាំៗ។ ដើម្បីសម្រេចផែនការនេះបាន ស៉ីម៉ាក់ត្រូវការធនធានទាំងសម្ភារៈ និងថវិកាប្រមាណ១០០លានដុល្លារ ក្នុងការគាំទ្រប្រតិបត្តិការរបស់ខ្លួនក្នុងរយះពេល៥ឆ្នាំ ដំណាក់កាលទី១ ខាងមុខនេះ»

អគ្គនាយកស៊ីម៉ាក់ ក៏បានបញ្ជាក់ដែរថា ការបោសសម្អាតមីននៅកម្ពុជាពិតជាមានការប្រឈម និងឧបសគ្គលំបាកមួយចំនួនដូចជា ស្ថានភាពចំការមីនមានព្រៃដុះក្រាស់ និងមានស្ថានភាពដីរឹងខ្លាំង ស្ថានភាពចំការមីនចម្រុះគ្នា គ្រាប់មីនតោនកប់ជ្រៅៗ និងមីនថ្មើរជើងច្រើនដែលងាយបង្កគ្រោះថ្នាក់ពេលកំពុងប្រតិបត្តិការ និងផ្នែកធនធានទាំងសម្ភារៈ និងថវិកា គាំទ្រការបោសសម្អាតមីននេះ គឺពឹងផ្អែកយ៉ាងខ្លាំងលើជំនួយរបស់ដៃគូអភិវឌ្ឍន៍។

ក្រៅពីការងារស្នូលរបស់ស៉ីម៉ាក់ក្នុងកិច្ចការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងចូលរួមចំណែកការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល លោកតែងតែកៀងគររកជំនួយពីសប្បុរសជន និងមិត្តភក្តិជិតឆ្ងាយឱ្យជួយអភិវឌ្ឍន៍ដល់ប្រជាជននៅតាមជនបទទាំងនោះ ជាពិសេស ជួយអភិវឌ្ឍន៍នៅតំបន់ដែលបានបោសសម្អាតមីនរួច តាមរយៈការកសាងសាលារៀន មណ្ឌលសុខភាព អណ្តូងទឹក ជីកស្រះទឹក និងជួយផ្តល់ការហ្វឹកហ្វឺន ខាងកសិកម្ម ព្រមទាំងជួយធ្វើផ្លូវក្រាលគ្រួសក្រហម និងប្រពន្ធ័ធារាសាស្ត្រខ្នាតតូចៗដល់ បណ្តាភូមិមួយចំនួនផងដែរ។

សូមជម្រាបថា រយៈពេលជាង២៥ឆ្នាំកន្លងទៅនេះ ចាប់គិតពីឆ្នាំ១៩៩២ រហូតមកដល់ខែឧសភា ឆ្នាំ២០១៨ ស៊ីម៉ាក់កម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្ស៥១៨,២៣៣គ្រាប់, មីនប្រឆាំងរថក្រោះ១០,៦៦៧គ្រាប់, គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ២,៣០២,៥៦០គ្រាប់ សរុបរួមទាំងអស់ទាំងគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺ ២,៨៣៦,៨៣៧គ្រាប់។ ក្នុងនោះបានធ្វើការបោសសម្អាតផ្ទៃមានមីនបានចំនួនជាង៩៥៦គីឡូម៉ែត្រក្រឡា៕