(កំពង់ចាម)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ និងជាបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា សម្រាប់មណ្ឌលខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានប្រកាសប្រាប់ប្រជាពលរដ្ឋស្រុកព្រៃឈរថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដំបូង និងជាចុងក្រោយបំផុតនៃឆាកជីវិតមន្ត្រីរាជការ ហើយលោក នឹងនៅតែបន្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត។

ការប្រកាសរបស់បេក្ខភាពតំណាងរាស្ត្រ បានធ្វើឡើងនៅចំពោះមុខប្រជាពលរដ្ឋ និងសមាជិក-សមាជិកានៃគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១,០០០នាក់ នាឱកាសចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដើម្បីស្វែងរកសំឡេងឆ្នោត នៅក្នុងឃុំគរ និងឃុំបឹងណាយ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាមនៅថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះ លោកតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គពិធី អំពីជីវប្រវត្តិសង្ខេប និងមូលហេតុនៃការសម្រេចចិត្តចូលបម្រើរាជការ ក៏ដូចជាការចូលប្រឡូកជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ ដែលបានតស៊ូទាមទារឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយមកបានរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ខ្នង។

«ខ្ញុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែចង់បម្រើប្រជាជន និងប្រទេសជាតិ ឱ្យបានរីកចម្រើនដូចអារ្យប្រទេសនានាក្នុងពិភពលោក! មួយវិញទៀត ខ្ញុំមើលឃើញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិខ្ពស់ ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ហើយជានិច្ចជាកាលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ»។ លោកតំណាងរាស្ត្រ បានគូសបញ្ជាក់។

នៅក្នុងឱកាសនោះដែរ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកា អំពីអត្ថន័យ និងសារៈសំខាន់នៃគោលនយោបាយ ១១ចំណុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣ ព្រមទាំងបានថ្លែងនូវសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលផ្តោតសំខាន់លើសមិទ្ធផលធំៗ និងស្នាដៃដឹកនាំរយៈពេលជាង ៣៩ឆ្នាំ របស់គណបក្ស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម រហូតទទួលបានសុខសន្តិភាព វឌ្ឍនភាព និងកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

លោកតំណាងរាស្ត្រ ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាទាំងអស់ ដែលកន្លងមក បានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងតែងផ្តល់នូវយុត្តិធម៌ជានិច្ចជូនគណបក្សប្រជាជនកម្ពុជា។ លើសពីនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក-សមាជិកា នាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី២០ នៅលើសន្លឹកឆ្នោត ដើម្បីទទួលបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត៕