(កំពង់ឆ្នាំង)៖ សម្តេចជិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការសាងសង់ទីលានបាញ់គ្រាប់ពិតនៅភ្នំជុំរាយនេះ គឺដើម្បីត្រៀមខ្លួនទទួលធ្វើជាផ្ទះ ម្ចាស់ បាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងរបស់បណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន នាពេលខាងមុខដ៏ខ្លីនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពពិធី​បញ្ចុះបឋមសិលាសាងសង់ពិធីបើកការដ្ឋាន សាងសង់អគារទីលានបាញ់គ្រាប់ពិតរបស់កងយោធពលខេមរភូមិន្ទ នៅឃុំពាម ស្រុកសាមគ្គីមានជ័យ (តំបន់ភ្នំជុំរាយ) ខេត្តកំពង់ឆ្នាំង។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖​ «មូលដ្ឋានដែលយើងកំពុងរៀបចំនៅពេលនេះ គឺជាការបញ្ចុះបឋមសិលាដំបូងកសាង ហេដ្ឋារចនាសម្ព័ន្ធ គឺកសាងមូលដ្ឋាននេះ ដើម្បីឈានទៅដល់ធ្វើជាម្ចាស់ផ្ទះ ក្នុងការបាញ់គ្រាប់នាពេលខាងមុខនេះ ក៏ប៉ុន្តែមិនទាន់បញ្ជាក់​ឱ្យច្បាស់ថា នៅថ្ងៃណានោះទេ»។

សម្តេចពិជ័យសេនា ទៀ បាញ់​ បានបន្តថា ជាមួយគ្នានឹងការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើងនេះ យើងមិនទាន់បញ្ជាក់ ឱ្យដឹងច្បាស់ថា​កំណត់យកថ្ងៃណា ខែណា ឆ្នាំណានៅឡើយទេ គឺរង់ចាំមើលលទ្ធភាពជាមុនសិនផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ក៏កម្ពុជា ត្រូវតែធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះដែល ព្រោះព្រឹត្តិការណ៍នេះ ធ្វើឡើងតាមការវិលជុំ តាមសមាជិករបស់សហគនអាស៊ានផងដែរ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា កន្លងមកកម្ពុជា បានអាក់ខានទទួលរៀបចំធ្វើ ជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើង ទាំងនេះដោយសារតែកម្ពុជា មិនទាន់មានសមត្ថភាព និងមិនទាន់មានទីលានណាមួយដើម្បីទទួលរៀបចំព្រឹត្តិការណ៍នេះផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជា នឹងត្រៀមឱ្យបានគ្រាន់ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះបាញ់គ្រាប់កាំភ្លើងដៃថ្មើរជើង នៅក្នុងពេលមួយដ៏ខ្លីខាងមុខនេះផងដែរ៕