(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ-កម្មការិនី អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា​ពលរដ្ឋល្អ និងគំរូ ជូនជនរួមជាតិ។ លោក ហាស់ វ៉ារី បន្ថែមថា បងប្អូនជនរួមជាតិទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីសម្តេចតេជោ និងប្រជាជនកម្ពុជាទាំងមូល ជាពិសេសដើម្បីទទួលបានសុខសបន្តិភាព និងប្រទេសជាតិរីកចម្រើន។

ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែនឲ្យដឹងថា «សន្តិភាពៗ គឺយើងមានការពិបាកណាស់ ដើម្បីបានសន្តិភាព និងចឹងយើងត្រូវដឹង ប៉ុន្តែពេលយើងអត់ដឹង យើងអស់៣លាននាក់ហើយ។ យើងបានឆ្លងកាត់របប៥ក្នុងរយៈពេល៥០ឆ្នាំ ហើយរបត់នយោបាយខុសៗគ្នាទាំងអស់ ចឹងរបបទាំង៥នេះ គ្មានអ្នកណាពូកែជាងស្រុកខ្មែរទេ ក្នុងមួយពិភពលោក គេមានសកលវិទ្យាល័យនយោបាយ តែគេមកសិក្សាស្រាវជ្រាវពីកម្ពុជាវិញ ហើយក៏មានជាច្រើនករណីទៀត ដែលកម្ពុជាយើងបានឆ្លងកាត់រួចមកហើយ»

លោក ហាស់ វ៉ារី បានឲ្យដឹងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងទាក់ទាញវិនិយោគិន ព្រមទាំងបានជម្រុញវិនិយោគមកជិតបងប្អូនដើម្បបង្កើតការងារនៅមូលដ្ឋាន។
នេះជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ដែលសមាជិកបក្ស ត្រូវពន្យល់ឱ្យប្រជាពលរដ្ឋបានយល់ដឹង និងធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនទ្វេរដងទៀត។

គួរបញ្ជាក់ថា លោក ហាស់ វ៉ារី ក្រៅពីជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ក៏ជាក្រុមការងារចុះពង្រឹងថ្នាក់ជាតិបក្សប្រជាជនកម្ពុជា ប្រចាំស្រុកព្រៃឈរ និងស្រុកទឹកឈូ ខេត្តកំពតផងដែរ។ ជាមួយគ្នានោះ លោក ហាស់ វ៉ារី ជានិច្ចកាល ក៏បានចុះជួយប្រជាពលរដ្ឋ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្រុកទឹកឈូ ខេត្តកំពត ខណៈដែលមានប្រជាពលរដ្ឋរងគ្រោះ ឬជួបទុក្ខលំបាកនៅគ្រាមានអាសន្នណាមួយផងដែរ៕