(កំពង់ធំ)៖ លោក​ សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា ពេលព្រឹកនៅស្រុកសន្ទុក ប្រមាណ ជិត៧០០នាក់ និងពេលរសៀលនៅក្រុងស្ទឹងស្ទែន ប្រមាណជិត២,០០០នាក់។

ថ្លែងក្នុងពិធីនោះ លោក សុខ លូ បានលើកឡើងនូវគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជាទាំង១១ចំណុច និងបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា តែងតែគិតគូរជានិច្ចអំពីអត្ថប្រយោជន៍ការងារ ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្មករ និយោជិត ហើយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០១៨-២០២៣ បានដាក់ចេញគោលនយោបាយច្បាស់លាស់ ក្នុងការដំឡើងប្រាក់ឈ្នួលប្រចាំខែរបស់កម្មករ និយោជិត ការតម្លើងប្រាប់បៀវត្សជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនប្រាក់សោធនសម្រាប់និវត្តជន អតីតយុទ្ធជន បូកប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ជាពិសេសនៅឆ្នាំ២០១៩ខាងមុខនេះ អាចបើកប្រាក់បៀវត្ស២សប្តាហ៍ម្តងក្នុងមួយខែ។

លោក សុខ លូ បានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ក៏បានគិតគូរពីអត្ថប្រយោជន៍ដល់ប្រជាកសិករ ដោយមិនមានការយកពន្ធ លើដីកសិកម្មរបស់កសិករ ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ហើយប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច។

ប្រធានក្រុមការងារយុវជនខេត្តកំពង់ធំ បានបញ្ជាក់ថា ក្នុងនាមជាយុវជនរបស់គណបក្សប្រជាជនកម្ពុជាគ្រប់សាខា គឺជាសេនាធិការ​ឲ្យគណបក្សប្រជាជនកម្ពុជា ដូច្នេះសូមយុវជនទាំងអស់ ត្រូវខិតខំស្វែងយល់អំពីគោលនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា និងអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងមូលដ្ឋានបង្រៀនប្រជាពលរដ្ឋឲ្យគូសសន្លឹកឆ្នោត និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងការលើកស្ទួយគោលនយោបាយរបស់បក្ស ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតអាណត្តិទី៦នេះ ដែលមានរយៈ​ពេលតែ១ថ្ងៃគត់ គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយកុំជឿការញុះញ៉ងរបស់បុគ្គលមួយចំនួន ដែលមិនឲ្យបងប្អូនទៅបោះឆ្នោត ឬទឹកខ្មៅជ្រលក់ដៃ រយៈពេល២៤ម៉ោង ស្លាប់ជាដើម៕