(ភ្នំពេញ)៖ អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងម្នាក់បានទម្លាយសារសំងាត់មួយតាមរយៈ Facebook នៅរាត្រីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះឲ្យដឹងថា អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង១១៨នាក់ ដែលហាមឃាត់ធ្វើនយោបាយ កំពុងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មារ និងវាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger។
តាមរយៈ Facebook មួយឈ្មោះ «ទីប្រឹក្សានគរ» ដែលល្បីខាងទម្លាយរឿងអាថ៌កំបាំង និងរឿងអាស្រូវរបស់អតីតមេដឹកនាំបក្សប្រឆាំង បានសរសេររៀបរាប់ថា៖
«ខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្នុងចំណោមអ្នកនយោបាយរបស់គណបក្សសង្រ្គោះជាតិ ទាំង១១៨នាក់ ដែលត្រូវបានតុលាការកំពូលហាមឃាត់, ហើយក៏កំពុងស្ថិតនៅក្នុង Group Messenger (118 Senior Leader of CNRP) ដោយឈឺចាប់យ៉ាងខ្លាំងនូវទង្វើវាយប្រហារគ្នា វាយប្រហារទាំងមេដឹកនាំ CNRP និងឈ្លោះប្រកែកគ្នាដូចឆ្កែ ដូចឆ្មា មិនឈប់មិនឈរ។ ដើម្បីបន្ថយការឈឺចាប់ជាទម្ងន់របស់ខ្ញុំ ថ្ងៃនេះខ្ញុំទម្លាយនូវពាក្យពេជន៍សារឆ្លងឆ្លើយគ្នារវាងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលធ្វើការមិនស្របគ្នា ឈ្លោះគ្នា ខាំគ្នា ជាពិសេសវាយប្រហារមេដឹកនាំបក្សទៀតផង។ សារនេះសូមផ្ញើជូនអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងអស់ ដើម្បីបានដឹងរឿងពិតប្រាកដដែលកំពុងកើតឡើង យ៉ាងចម្រូងចម្រាស់នៅពេលនេះ»។
នៅក្នុងសារមួយក្នុងចំណោមសារជាច្រើនដែលត្រូវបានទម្លាយនោះបានបង្ហាញថា លោក គឹម យ៉ា បានសរសេរៀបរាប់ និងរិះគន់មេដឹកនាំរបស់ខ្លួន គឺលោក សម រង្ស៊ី តែម្តង, លោក គឹម យ៉ា បានសរសេរយ៉ាងដូច្នេះថា៖ «រឿងដែលលោកប្រធាន សម រង្ស៊ី លើកនិយាយពី ហ៊ុន សែន នេះយើងទាំងអស់គ្នាដឹងពីយូរមកហើយ មិនមែនទើបតែដឹងថ្មីៗនេះទេ។ បើដឹងហើយហេតុអ្វីក៏លោក សម រង្ស៊ី ទៅឃុបឃិតជាមួយ ហ៊ុន សែន និងពង្រឹងអំណាចវាធ្វើអ្វី? កាលពីឆ្នាំ២០១៣ ប្រជាពលរដ្ឋងើបពេញប្រទេសធ្វើបាតុកម្មដោយសង្ឃឹម ក្លាហ៊ានលះបង់គ្រប់បែបយ៉ាង គណបក្សសង្រ្គោះជាតិ មានភាពស្របច្បាប់នឹងធ្វើសកម្មភាពនយោបាយ អំណាច ហ៊ុន សែន ទន់ជ្រាយរង្គើ។ តែលោក សម រង្ស៊ី គ្មានគំរោងទៅយកអំណាចទេ។ ពេលប្រជាពលរដ្ឋធ្វើបាតុកម្មពេញប្រទេស បែរជាគាត់មកដើរលេងនៅបរទេសរៀបការកូនស្រីរបស់គាត់ ដោយនឹកថាសំខាន់ជាងជីវិតជាតិ និងប្រជាពលរដ្ឋ។ គាត់សម្រេចចូលសភាដោយមិនប្រាប់សហការីទាំងអស់នៅខែកក្កដា ឆ្នាំ២០១៤ ហើយយកវប្បធម៌សន្ទនាដឹកដៃ ហ៊ុន សែន ដើរលេងគង់តែ ហ៊ុន សែន ចាប់សមាជិកបក្សដាក់គុកជាច្រើននាក់ ហើយគាបសង្កត់លោកអនុប្រធានក៏ដោយ»។
នៅក្នុងសារសំងាត់នោះមន្រ្តីទាំង១១៨នាក់បានឆ្លងឆ្លើយប្រកែកគ្នាទៅវិញទៅមក ព្រមទាំងជេរលោក គឹម យ៉ា ថាជាមនុស្សវិកលចរិត និងជាមនុស្សឆ្កួតយូរហើយ។ ខាងក្រោមនេះជាសារឆ្លងឆ្លើយសំងាត់ចំនួន៣០របស់អតីតមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងទាំង១១៨នាក់ ឈ្លោះគ្នាដូចឆ្កែ និងវាយប្រហារមេដឹកនាំខ្លួនឯងពេញ Group Messenger.