(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងបំពេញការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។ គ.ជ.ប បានបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតមួយដែល បានធ្វើបច្ចុប្បន្នភាព និងមានភាពត្រឹមត្រូវ និងបានចុះឈ្មោះគណបក្សនយោបាយចំនួន២០ និងបានបណ្តុះបណ្តាលជាសាធារណៈ អំពីដំណើរការ នៃការបោះឆ្នោត។ យុទ្ធនាការ បោះឆ្នោតបាននិងកំពុងប្រព្រឹត្តទៅយ៉ាងពេញទំហឹង ដោយមានការចូលរួមយ៉ាងសកម្មពីគណបក្សនយោបាយទាំង២០ដែលបាន ចុះបញ្ជីដើម្បីទាក់ទាញសន្លឹក ឆ្នោតគាំទ្ររៀងៗខ្លួន។

ទន្ទឹមនឹងដំណើរវិវត្តន៍ជាវិជ្ជមានេះ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ទទូចឲ្យ រាជរដ្ឋាភិបាលកម្ពុជា បំភ្លឺថា «ការអំពាវនាវឱ្យមានការធ្វើពហិកានៃការបោះឆ្នោតដែលមិនជាប់កាតព្វកិច្ច គួរត្រូវបានអនុញ្ញាត»។ សេចក្តីថ្លែងការណ៍នេះ មានចរិតរំខាន និងមិនអាចទទួលយកបានឡើយពីព្រោះវាជាការបំពានទាំងច្បាប់ជាតិ និង ច្បាប់អន្តរជាតិ។

កម្ពុជាជា រដ្ឋអធិបតេយ្យមួយ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការងារស្របតាមច្បាប់របស់ខ្លួន។ ការទាមទាររបស់លោកស្រី ស្មីត គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

លើសពីនេះ វាជារឿងដ៏មិនសមហេតុផលមួយ ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទូច ឲ្យរាជរដ្ឋាភិបាលកម្ពុជាបំពានច្បាប់របស់ខ្លួន ដែលត្រូវបានអនុម័តដោយសភា ដែលត្រូវបានជ្រើសតាំងតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូចគ្នានឹងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើន កម្ពុជាប្រកាន់យកនូវការបោះឆ្នោតមួយ ដែលមិនចងកាតព្វកិច្ច។ ក្នុងន័យនេះ វាជាសិទ្ធិរបស់ពលរដ្ឋកម្ពុជាម្នាក់ៗ ក្នុងការទៅរឺមិនទៅបោះឆ្នោត ប៉ុន្តែយោងតាមច្បាប់បោះឆ្នោតកម្ពុជា «ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត» គឺជាទង្វើខុសច្បាប់ ហើយតាមពិតវាជាអំពើញុះញង់ដែលមានគោលដៅរារាំងអ្នកមានសិទ្ធិបោះឆ្នោត មិនឲ្យ អនុវត្តសិទ្ធិរបស់ពួកគេ។

«ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត» អាចបង្អាក់ទឹកចិត្តគណបក្សនយោបាយ ក្នុងការធ្វើយុទ្ធនាការដោយសារភាពមិន ប្រាកដប្រជានៃចំនួនអ្នកទៅបោះឆ្នោត។ ហេតុនេះ វាជាការប៉ះពាល់ដល់ស្មារតីនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទង្វើទាំងនេះ ជាអំពើល្មើសដែលអាចត្រូវបានផ្តន្ទាទោស តាមមាត្រា១៤២ នៃច្បាប់បោះឆ្នោតនៅកម្ពុជា។ «ការអនុញ្ញាតឲ្យមានការអំពាវនាវការធ្វើពហិកា» ក៏ប៉ះពាល់ផងដែរដល់រដ្ឋធម្មនុញ្ញកម្ពុជា។ រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋគ្រប់រូបដែល មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន តាមរយៈការបោះឆ្នោតស្របតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យ។ ហេតុដូច្នេះ ការអំពាវនាវឲ្យធ្វើពហិកានៃការបោះឆ្នោត​ នឹងបង្កឲ្យមានការ «ភាន់ច្រឡំ» ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត។ ការភន្តច្រឡំនេះ អាចប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ។ បន្ថែមពីនេះ ការអនុញ្ញាតឲ្យមានការអំពាវនាវការធ្វើពហិកានៃការបោះឆ្នោត អាចបង្កឲ្យមានអសិ្ថរភាពនយោបាយផងដែរ។

ផ្អែកតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលស្របច្បាប់ គឺជារដ្ឋាភិបាលមួយដែលត្រូវបាន ជ្រើសតាំងដោយ ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតពហុបក្ស។ ប្រសិនបើ រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យមានការ អំពាវនាវការ ធ្វពហិកា នោះប្រៀបបីដូចជាការចូលរួមជំរុញការបង្កើតរដ្ឋាភិបាលមិនស្របច្បាប់។ ប្រជាពលរដ្ឋនឹងមិន គោរពតាមច្បាប់និងបទប្បញ្ញត្តិដែលដាក់ចេញដោយរដ្ឋាភិបាលដែលមិនកើតឡើងពីការបោះឆ្នោតឡើយ។

គួរកត់សម្គាល់ផងដែរថា ពិភពលោកបានផ្តន្ទាទោសខ្មែរក្រហមដែលបានធ្វើពហិកា និងបានអំពាវនាវឲ្យប្រជាជនកម្ពុជាធ្វើពហិកាការបោះឆ្នោត ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ កាលពី ឆ្នាំ១៩៩៣។ នៅពេលនោះ អ្នកបោះឆ្នោតនៅកម្ពុជាមិនបានស្តាប់តាមការអំពាវនាវរបស់ខ្មែរក្រហមទេ និងបានបោះឆ្នោត ដើម្បីសន្តិភាពនិងការអភិវឌ្ឍ។

បច្ចុប្បន្ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលបានចូលរួមជាមួយក្រុមប្រឆាំងនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិនយោបាយដោយច្បាប់បែរជា អំពាវនាវឲ្យមានការធ្វើពហិកា ការបោះឆ្នោតទៅវិញ។ ប៉ុន្តែវាប្រាកដណាស់ដែលថា ប្រជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោតនឹងមិនស្តាប់តាមការអំពាវនាវនេះទេ ដោយពួកគេនឹងទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ៕

ដោយ៖ ជា វ៉ាន់ដេត
តំណាងរាស្រ្ត