(ភ្នំពេញ)៖ ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលបានមកបម្រើការងារនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ បាននាំគ្នាសម្រុកចេញទៅស្រុកកំណើតរៀងៗខ្លួន ដោយពួកគាត់អះអាងថា ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។

ក្នុងបទសម្ភាសន៍ជាមួយអង្គភាព Fresh News ប្រជាពលរដ្ឋដែលបានមកបម្រើការនៅរាជធានីភ្នំពេញ ហើយកំពុងតែនៅលើរថយន្ដឈ្នួល ដើម្បីទៅស្រុកកំណើតនោះ បានរៀបរាប់ថា ពួកគាត់ពិតជារីករាយណាស់ក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលពួកគាត់ស្រលាញ់ពេញចិត្ត។

បើទោះបីត្រូវជិះរថយន្ដចង្អៀតបន្ដិច ហើយត្រូវរង់ចាំយូរយ៉ាងណានោះ ក៏ពួកគាត់មិនរុញរា ឬធុនទ្រានឡើយ ព្រោះថាក្នុងរយៈពេល៥ឆ្នាំម្ដង ហើយមានតែមួយថ្ងៃគត់ ដែលពួកគាត់មានសិទ្ធិសម្រេចជ្រើសរើសថា្នក់ដឹកនាំប្រទេស ហើយកន្លែងការងាររបស់ពួកគាត់​ បានអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ ហើយកន្លែងការងារខ្លះទៀត ក៏បានបើកប្រាក់ខែឲ្យមុនផងដែរ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះការសម្រុកចាកចេញពីរាជធានីភ្នំពេញ នៅកាន់ស្រុកកំណើត​ខាងលើនេះ លោកបានបញ្ជាឲ្យនគរបាលចរាចរណ៍ សហការជាមួយ នគរបាលតាមបណ្ដាខណ្ឌ ជាប់ផ្លូវជាតិដែលបងប្អូនត្រូវចាកចេញនោះ សម្រួលចរាចរណ៍ និងអំពាវនាវឲ្យពួកគាត់គោរពច្បាប់ចរាចរណ៍ ពេលធ្វើដំណើរទាំងអស់គ្នា។

នាយឧត្ដមសេនីយ៍ បានថ្លែងថា «ដូចយើងដឹងស្រាប់ហើយ បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនីខ្លះ មានឈ្មោះបោះឆ្នោតនៅស្រុកកំណើត និងដើម្បីចង់ជួបជុំគ្រួសារ ឪពុក ម្ដាយ បងប្អូន ដែលជាទំនៀមទំលាប់កន្លងមកនោះ ទើបពួកគាត់បាននាំគ្នាចាកចេញ ស្របពេលដែលរាជរដ្ឋាភិបាល បានឲ្យសម្រាករយៈពេល៣ថ្ងៃ»។

សូមស្ដាប់នូវកិច្ចសម្ភាសន៍រវាងក្រុមការងាររបស់ Fresh News ជាមួយប្រជាពលរដ្ឋនៅខាងក្រោមនេះ៖