(ភ្នំពេញ)៖ បុរសជនជាតិកូរ៉េម្នាក់ មានជំងឺរ៉ាំរ៉ៃយូរឆ្នាំជាច្រើនមុខបានតូចចិត្ត និងធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ចំណុចផ្ទះលេខ១០ ផ្លូវលេខ១៤ ក្រុមទី៦ បូរីពិភពថ្មីភូមិត្រពាំង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ KOR NA កើត​នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៥៣ ជនជាតិកូរ៉េ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

តាមការបញ្ជាក់ពីឈ្មោះ អ៊ុន សារឹម ភេទស្រី អាយុ២៩ឆ្នាំ ត្រូវជាប្រពន្ធមិត្តភ័ក្រជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះមានជម្ងឺទឹកនោមផ្អែម និងលើសឈាមប្រហែល៥ឆ្នាំ លុះម៉ោងកើតហេតុ គាត់ទាំងពីរនាក់ប្ដីប្រពន្ធបានមកសួរសុខទុក្ខ ស្រាប់តែមកដល់ឃើញទ្វារផ្ទះបិទគាត់បានស្រែកហៅមិនឆ្លើយ គាត់បានមើលតាមកញ្ចក់ឃើញ ជនរងគ្រោះចងកសម្លាប់ខ្លួន នៅក្នុងផ្ទះស្លាប់បាត់ ហើយខ្លួនបានរាយការណ៍ទៅសម្ថកិច្ចភ្លាមៗ។

តាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស និងលោកវេជ្ជបណ្ឌិត នងសុវ ណ្ណារ័ត្ន ពិនិត្យឃើញថា ជនរងគ្រោះបានយកខ្សែលីឡុងចងជាប់ពីបង្អូចឡៅតឿ ទ​ម្លាក់ខ្លួនមកក្រោមស្លាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅឯមន្ទីរពេទ្យរុស្ស៊ី៕