(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នកសង្កេតការណ៍មកពីតំបន់អឺរ៉ុបថា នៅតែមានជនបរទេសមួយចំនួនប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ទៅអ្នកសង្កេតការណ៍ទាំងនោះទៀតថា ព្រោះតែមានការប៉ុនប៉ងបែបនេះហើយ ជាហេតុនាំឲ្យមានការកំណត់ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រស្តីពីការផ្តន្ទាទោសជនបរទេសទាំងឡាយ ដែលបានជ្រៀតជ្រែកដំណើរការបោះឆ្នោតនៅកម្ពុជា។

ការបញ្ជាក់របស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើងក្នុងពេលដែលរូបលោកអនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសនៅតំបន់អឺរ៉ុបចូលជួបស្វែងយល់ពីដំណើរការនៃការរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា​ រាជធានីភ្នំពេញ។ ក្រុមអ្នកសង្កេតការណ៍ជាន់ខ្ពស់ទាំងនោះ គឺជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាមកពីប្រទេសអង់គ្លេស អ៉ីតាលី ឆេក ប៊ុលហ្គារី រុស្ស៊ី សើប៊ី អាមេនៀ បេឡារុស មូដូវ៉ា...។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបជាង១ម៉ោង លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យរបស់ គ.ជ.ប បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះអ្នកសង្កេតការណ៍មកពីតំបន់អឺរ៉ុប ក៏បានចោទសួរទៅកាន់លោក ស៊ិក ប៊ុនហុក ផងដែរ ពីការកំណត់ទោសទណ្ឌ និងផាកពិន័យទៅលើជនបរទេសក្នុងមាត្រា១៤៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

លោក ស៊ិក ប៊ុនហុក បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសង្កេតការណ៍អន្តរជាតិនេះថា ការដែលកំណត់នេះក៏ព្រោះតែមកដល់ពេលបច្ចុប្បន្ននៅតែមានជនបរទេសប៉ុនប៉ង និងព្យាយាមជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់កម្ពុជា។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ដូច្នេះ «ឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក លោកបានជម្រាបជូនយ៉ាងសាមញ្ញការដែលនាំឲ្យមានការសរសរមាត្រា១៤៩ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដោយសារយើងមានបទពិសោធន៍អាក្រក់កន្លងមកហើយ គឺនៅឆ្នាំ២០១៣ ដោយមានជនបរទេសមួយចំនួនចូលរួមជ្រៀតជ្រែក នៅក្នុងការបោះឆ្នោត ដែលវារំខានដល់ការបោះឆ្នោត។ នៅក្នុងន័យនេះហើយជាបទពិសោធន៍នៅឆ្នាំ២០១៣ យើងយកមកអនុវត្តន៍នៅឆ្នាំ២០១៨ ហើយឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក លោកមានប្រសាសន៍ទៀតថា ជនបរទេសដែលមានបំណងចង់ធ្វើជាឧបសគ្គដល់ការបោះឆ្នោតមិនទាន់អស់នៅឡើយទេ»

លោក ឌឹម សុវណ្ណារុំ បន្តថា «អ៊ីចឹងច្បាប់ហ្នឹង សំខាន់ណាស់សម្រាប់ពិន័យទៅដល់ជនបរទេសទាំងឡាយណាពី ៥លានរៀល ទៅដល់ ១០លានរៀល ចំពោះជនបរទេសទាំងឡាយណា ដែលមានបំណងរារាំង ធ្វើជាឧបសគ្គ នៃការបោះឆ្នោត»។

មាត្រា ១៤៩នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា «ត្រូវផាកពិន័យជាប្រាក់ពី ៥,០០០,០០០រៀល ទៅ ១០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនបរទេសដែលមានវត្តមាននៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងចេតនាឃោសនាបោះឆ្នោត ដើម្បីគាំទ្រ ឬ ប្រឆាំងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។ ជនប្រព្រឹត្តអំពើខាងលើអាចត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមបែបបទដូចបានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍»។

បើតាមលោក ឌឹម សុវណ្ណារុំ នៅក្នុងជំនួបនោះ លោក ស៊ិក ប៊ុនហុក បានរៀបរាប់ពីដំណើរការរៀបចំការបោះឆ្នោត។ ក្រៅពីបង្ហាញដំណើរការរៀបចំការបោះឆ្នោតហើយនោះ លោក ស៊ិក ប៊ុនហុក ក៏បានរៀបរាប់ពីភាពជូរចត់របស់កម្ពុជាពីអតីតកាលរហូតដល់ខ្ទេចខ្ទាំ ហើយទើបតែអាចរៀបចំការបោះឆ្នោតបាននៅឆ្នាំ១៩៩៣ ដោយមានការជួយពីអង្គការសហប្រជាជាតិថែមទៀត។

ប្រធាន គ.ជ.ប បានបញ្ជាក់ទៅអ្នកសង្កេតការណ៍ទៀតថា កម្ពុជាទើបអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងនៅឆ្នាំ១៩៩៨ ហើយក៏បានរៀបរាប់ពីកិច្ចខិតខំ និងគោលការណ៍មួយចំនួនរបស់ គ.ជ.ប ក្នុងការធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពល្អប្រសើរ ត្រឹមត្រូវ និងអាចទទួលយកបានពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងគណបក្សនយោបាយ។ ជាពិសេសគឺការធានាឲ្យបានថា សំឡេងរបស់ប្រជាពលរដ្ឋត្រូវបានធានាតាមរយៈការបោះឆ្នោតរបស់ពួកគាត់។

សូមបញ្ជាក់ថា ក្រៅពីជួបជាមួយប្រធាន គ.ជ.ប ក្រុមអ្នកសង្កេតការណ៍ទាំងអស់នេះ ក៏បានអញ្ជើញចូលជួបថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជាដូចជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕