(ភ្នំពេញ)៖ ដូចនឹងការគ្រោងទុក សត្វដំរីត្រូវបានប្រើប្រាស់ ដើម្បីដឹកសម្ភារបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ០០៨៣ ក្នុងភូមិសាស្ត្រដ៏លំបាក ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ការិយាល័យលេខ០០៨៣ ដែលមានទីតាំងភូមិសាស្ត្រដ៏លំបាកនេះ ត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ ដើម្បីអាចទៅដល់ ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨​ ស្អែកនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៣៖០០នាទីរសៀល៕

រូបភាពដោយ គ.ជ.ប