(ភ្នំពេញ)៖ នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង នៅទូទាំងប្រទេស ចាប់ផ្តើមបើកទ្វារដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចូលទៅបោះឆ្នោតហើយ ដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ ក្នុងឆ្នាំ២០១៨នេះ ត្រូវបានគ.ជ.ប អះអាងថា មាន​ការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧ការិយាល័យ ព្រមទាំងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​នឹងបោះឆ្នោតនៅ​សាលា​គរុកោសល្យ​វិ​ក្រិ​ត្យ​ការ​ក្រុង ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ព្រឹកនេះតែម្តង។ ដោយឡែកសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច តាមការគ្រោងទុក ទ្រង់បោះឆ្នោតនៅ​ខេត្តកំពង់ចាម។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​បោះឆ្នោតនៅ​សាលាបឋមសិក្សាសែ​សិន នៅខេត្តបន្ទាយមានជ័យ​។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បោះឆ្នោតនៅ​វិទ្យាល័យ ហ៊ុន សែន បុរី​១០០​ខ្នង រាជធានី​ភ្នំពេញ។ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ​បោះឆ្នោត​នៅ​សាលាបឋមសិក្សា​ចក ខេត្ត​ត្បូងឃ្មុំ។ លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ​បោះឆ្នោតនៅ​សាលាបឋមសិក្សាសុធារស រាជធានី​ភ្នំពេញ។​

ម្ចាស់ឆ្នោតទាំងអស់ ពេលនេះកាន់តែមានជម្រើសច្រើនជាងមុន ដោយសារការបោះឆ្នោតជាតិអាណត្តិនេះ មានគណបក្សនយោបាយចូលរួមរហូតដល់២០ ដើម្បីឱ្យពួកគាត់ជ្រើសរើស ដែលចំនួននេះបានកើនឡើងលើសច្រើនបើបៀបនឹងអាណត្តិទី៥ កាលពីឆ្នាំ២០១៣ ដែលមានត្រឹមតែ៨គណបក្សនប៉ុណ្ណោះចូលរួមប្រកួតប្រជែង៕