(ភ្នំពេញ)៖ ទន្ទឹមនឹងការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង នៅទូទាំងប្រទេសចាប់ផ្តើមបើកទ្វារ នៅម៉ោង៧៖០០នាទីព្រឹក ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គេសង្កេតឃើញថា នៅតាមទីតាំងការិយាល័យនីមួយៗ នៅគ្រប់ខេត្តក្រុង មានប្រជាពលរដ្ឋជាម្ចាស់ឆ្នោតច្រើនកុះករ ដែលពួកគាត់យល់ច្បាស់ពីលទ្ធិប្រជាធិបតេយ្យ មកបំពេញកាតព្វកិច្ច ក្នុងនាមប្រជាពលរដ្ឋ ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

ប្រជាពលរដ្ឋដែលមកចូលរួមបោះឆ្នោតជ្រើសតាំងតំំណាងរាស្រ្តអាណត្តិនេះ បានសម្តែងទឹកមុខរីករាយ ជាមួយនឹងការត្រៀមខ្លួន និងឯកសារជាស្រេច សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដែលធ្វើឡើងជាទៀងទាត់រៀងតាល់៥ឆ្នាំម្តង ទៅតាមមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស។

ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៦ក្នុងឆ្នាំ២០១៨នេះ មាន​ការិយាល័យបោះឆ្នោតចំនួន ២២,៩៦៧កន្លែង នៅទូទាំងប្រទេស និងមានប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ អាសនៈនៅអាណត្តិនេះ មានចំនួនទៅដល់១២៥ ដែលកើនឡើងប្រមាណ ២អាសនៈថែមទៀត បើធៀបនឹងការបោះឆ្នោតនេះ កាលពីអាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០១៣។

ចំណែកអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ មានរហូតដល់ជាង៩ម៉ឺននាក់ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ៕