(ភ្នំពេញ)៖ តាមការកំណត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលត្រូវរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ចាប់ដំណើរការពីម៉ោង៧៖០០នាទីព្រឹក ហើយបិទបញ្ចប់នៅម៉ោង៣៖០០រសៀលថ្ងៃនេះ។ ការបោះឆ្នោតជាប្រវតិ្តសាស្ត្រនេះ កំពុងដំណើរការហើយ ខណៈដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានត្រៀមខ្លួនជាស្រេចដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត តាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ទោះជាយ៉ាងណាក៏ដោយ តាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ការិយាល័យបោះឆ្នោត អាចពន្យារពេលលើសពីម៉ោង​៣៖០០រសៀល ដោយសារអ្នកទៅបោះឆ្នោតដែលកំពុងស្ថិតក្នុងបរិវេណបោះឆ្នោត មិនទាន់បានបោះឆ្នោត។

យោងតាមប្រការ ៨.៦.២៦ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ បានចែងថា «ប្រសិនបើការបោះឆ្នោត​ឈានដល់ម៉ោង៣៖០០រសៀល នៃថ្ងៃបោះឆ្នោតដែលជាពេលវេលាកំណត់ សម្រាប់បញ្ចប់ដំណើរការបោះឆ្នោត ប៉ុន្តែអ្នកបោះឆ្នោតកំពុងស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោត អ្នកបោះឆ្នោតទាំងនោះ ត្រូវបានអនុញ្ញាតឲ្យបោះឆ្នោត»។

បើតាមគ​.​ជ​.​ប គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវហៅឈ្មោះអ្នកបោះឆ្នោតម្នាក់ម្តងៗ រហូតដល់អ្នកបោះឆ្នោតចុងក្រោយបង្អស់ ឲ្យចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតតាមលំដាប់លំដោយ រហូតដល់អស់អ្នកបោះឆ្នោត។

គួរបញ្ជាក់ថា តាម​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​របស់គ​.​ជ​.​ប នៅឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ ៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេស មានចំនួនសរុប ២២,៩៦៧ការិយាល័យ៕