(កំពង់ធំ)៖ ប្រជាពលរដ្ឋនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននាំគ្នាទៅបោះឆ្នោតយ៉ាងច្រើនកុះករ ឈរតម្រង់ជួរតាំងពីម៉ោង៧ព្រឹក នៅគ្រប់ការិយាល័យបោះឆ្នោត ប្រកបដោយទឹកមុខរីករាយ ស្លៀកពាក់ស្អាតបាតសមរម្យបំផុត និងមានវិន័យថ្លៃថ្នូរ សមជាប្រជាពលរដ្ឋនៃប្រទេសឯករាជ្យ និងប្រជាធិបតេយ្យ។

ជាមួយគ្នានេះ លោក ថោងខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបារាយណ៍ ក៏បានអញ្ជើញទៅបោះឆ្នោតរួចហើយផងដែរ។ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប លោកបានបង្ហាញភាពសប្បាយរីករាយ ក្នុងឱកាសដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំប្រទេស ក្នុងរយៈពេល៥ឆ្នាំម្តង ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប។

សូមជម្រាបថា តាម​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​របស់ គ​.​ជ​.​ប នៅឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​៨,៣៨០,២១៧​នាក់។ ជាមួយគ្នានេះ ការិយាល័យបោះឆ្នោតទូទាំងប្រទេស មានចំនួនសរុប ២២,៩៦៧ការិយាល័យ៕