(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេសនៅស្រុកអន្លង់វែង ដែលជាដែនដីបិទបញ្ចប់ទំព័រសង្គ្រាមចុងក្រោយគេនៅចុងឆ្នាំ១៩៩៨ បានផ្តល់តម្លៃខ្ពស់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដោយបានសម្រុកទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំ និងជាតំណាងដែលពួកគេពេញចិត្ត។

តាំងពីមុនម៉ោង៧ព្រឹក គេបានឃើញប្រជាពលរដ្ឋនៅលើដែនដីអតីតសមរភូមិសង្គ្រាមនេះបាននាំធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតយ៉ាងសស្រាក់សស្រាំក្នុងទឹកមុខយ៉ាងសប្បាយរីករាយ និងដោយភាពមានទំនុកចិត្តខ្ពស់បំផុត។ លោក គន់ គីម ប្រធានគណៈពង្រឹងការងារនៅក្នុងខេត្តឧត្តរមានជ័យ ដែលបានអញ្ជើញចូលរួមបោះឆ្នោតនៅស្រុកអន្លង់វែង បានកត់សម្គាល់ឃើញថា ស្ទើរតែគ្រប់ការិយាល័យបោះឆ្នោត មានប្រជាពលរដ្ឋយ៉ាងច្រើនទៅឈរតម្រៀបជួរគ្នារង់ចាំចូលទៅបោះឆ្នោត។

គ្រាន់តែទ្វារការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកតាមម៉ោងកំណត់ គឺម៉ោង៧ព្រឹក បងប្អូនប្រជាពលរដ្ឋដែលមានលេខរៀងនៅក្នុងដៃរួចជាស្រេចហើយនោះ ក៏បាននាំគ្នាចូលទៅបោះឆ្នោតជាបន្តបន្ទាប់។ ប្រជាពលរដ្ឋនៅក្នុងស្រុកអន្លង់វែង បានបញ្ជាក់ថា ការបោះឆ្នោតដែល៥ឆ្នាំមានម្តងនេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់។

ពួកគាត់ក៏បានលើកឡើងផងដែរថា ការបោះឆ្នោតដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះ មានភាពល្អប្រសើរមាននីតិវិធីត្រឹមត្រូវធ្វើឲ្យពួកគាត់មានជំនឿចិត្តសន្លឹកឆ្នោតរបស់គាត់នឹងមិនត្រូវបានគេយកទៅធ្វើអ្វីផ្ទុយពីឆន្ទៈរបស់គាត់នោះឡើយ។

ប្រជាពលរដ្ឋលើដែនដីអតីតសង្គ្រាមនេះ បានផ្តល់តម្លៃខ្ពស់ចំពោះសុខសន្តិភាព។ ដូច្នេះពួកគាត់រំពឹងថា សន្លឹកឆ្នោតរបស់គាត់នឹងបន្តជ្រើសរើសបានមេដឹកនាំដែលបន្តរក្សាសុខសន្តិភាព និងសេចក្តីសុខជូនពួកគាត់ ធ្វើឲ្យជាតិកាន់តែរីកចម្រើនបន្តទៅមុខទៀត៕