(តាកែវ)៖ លោក ជា​ វ៉ាន់ដេត តំណាងរាស្ត្រខេត្តតាកែវ បានថ្លែងអបអរសាទរប្រជាពលរដ្ឋនៅស្រុកបាទី​ ដែលបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ។ នេះបង្ហាញឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋ​បាន​បំពេញ​កាតព្វកិច្ចរបស់ខ្លួនជាពលរដ្ឋល្អ ដើម្បីគូសសន្លឹកឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់​គ្រងប្រទេស ដើម្បីសន្តិភាពនិងការអភិវឌ្ឍបន្តទៀត។

ដោយឡែក លោកតំណាងរាស្រ្ត ក៏បានសម្តែងនូវការរីករាយបំផុត និងអបអរសាទរចំពោះប្រជាពលរដ្ឋភូមិថ្មី ឃុំលំពង់ ស្រុកបាទី ដែលបានចេញទៅបោះឆ្នោតក្នុងអត្រា៩៥% គិតត្រឹមម៉ោង១១ព្រឹកនេះ។​ នេះ​គឺ​ជា​​ឆន្ទៈដ៏ល្អរបស់ប្រជាពលរដ្ឋនៅក្នុងភូមិថ្មីនេះ ហើយលោកតំណាងរាស្រ្ត សង្ឃឹមថា ប្រជាពលរដ្ឋក្នុងភូមិនេះនឹងចេញទៅបោះ​ឆ្នោត​បាន១០០ភាគរយ ហើយលោកជឿជាក់ យ៉ាងមុតមាំថា សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងទទួលបានច្រើនលើសលុបក្នុងភូមិថ្មីនេះ៕