(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចសរុបជាង៨ម៉ឺននាក់ មានទាំងកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងយោធា ព្រមទាំងកម្លាំងប្រជាការពារ ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗ ព្រមទាំងការិយាល័យបោះឆ្នោត ដើម្បីការពារដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលមានតែមួយថ្ងៃនេះ។

នៅថ្ងៃអាទិត្យនេះ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីទៅបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋល្អម្នាក់ ដែលចូលរួម បោះឆ្នោតជ្រើសរើសតំណាងគណបក្សនយោបាយ ខ្លួនពេញចិត្ត ឲ្យដឹកនាំអភិវឌ្ឍប្រទេសកម្ពុជា រយៈពេល៥ឆ្នាំទៅមុខទៀត។

ប្រជាពលរដ្ឋដែលជាកម្មករ និយោជិត ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីទៅចូលរួមបោះឆ្នោត ដែលពួកគេបានចាកចេញពីរាជធានីភ្នំពេញ ឬទីផ្សេងៗ ដើម្បីទៅបោះឆ្នោតនៅមណ្ឌលរបស់ខ្លួនរួចហើយចាប់តាំងពីថ្ងៃទី២៨កក្កដា។

ហាក់បង្ហាញពីភាពរីករាយ ក្នុងការចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកនិយមចូលចិត្តលេង Facebook បានសម្រុកនាំគ្នាបង្អួតចង្អុលដៃ ដែលប្រឡាក់ថ្នាំពណ៌ខ្មៅ បញ្ជាក់ថា ពួកគាត់បានចូលរួមបោះឆ្នោត រួចរាល់អស់ហើយ។ នៅថ្ងៃនេះ រូបភាពចង្អុលដៃប្រឡាក់ថ្នាំពណ៌ខ្មៅ ត្រូវបានបង្ហោះព្រោងព្រាត នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយអ្នកបង្ហោះបានបង្ហាញទឹកមុខសប្បាយរីករាយ ក្នុងពេលបានប្រើប្រាស់សិទ្ធិរបស់ពួកគាត់ ដើម្បីជ្រើសរើសតំណាងរាស្ត្រ ដែលខ្លួនពេញចិត្ត។

សូមជម្រាបថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប លោក ទេព នីថា និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការ បានអះអាងដូចគ្នាថា ករណីកម្លាំងសមត្ថកិច្ចជាច្រើនប្រមាណ៨ម៉ឺននាក់ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ដំណើរការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៦ មិនមែនជាការគំរាមកំហែងនោះទេ ពោលគឺដោយសារតែកំណើនការិយាល័យបោះឆ្នោត៕​