ទូរទស្សន៍ព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់លើ Smart TV នៅតាមគេហដ្ឋានរបស់លោកអ្នក

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីមួយទៀតរបស់កម្ពុជា គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវបានបិទបញ្ចប់ជាផ្លូវការហើយ នៅវេលាម៉ោង៣រសៀល ក្រោមបរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណនៅទូទាំងប្រទេស ប្រកបដោយភាពល្អប្រសើរជាទីបំផុត បើប្រៀបធៀបទៅនឹងព្រឹត្ដិការណ៍បោះឆ្នោតអាណត្តិទី៥ នាឆ្នាំ២០១៣កន្លងទៅ ដោយមានការរំខាន និងអំពើហិង្សាមួយចំនួន។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ឲ្យដឹងថា ជារួមបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់ នៃការបោះឆ្នោតអាណត្តិទី៦នេះ បានបិទបញ្ចប់ដោយភាពល្អប្រសើរ គ្មានអំពើហិង្សា គ្មានគំរាមកំហែង និងការរំខានអ្វីមួយនោះឡើយនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេសកម្ពុជា ជាង២ម៉ឺនការិយាល័យនោះ។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ ​កម្លាំងសមត្ថកិច្ចទាំងនគរបាល ទាំងអាវុធហត្ថ និងយោធាជាង៨ម៉ឺននាក់ ត្រូវបានដាក់ពង្រាយការពារសន្ដិសុខ ធានាសម្ដៅឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។

សម្រាប់រាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ផងដែរថា បរិយាកាសសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ បានបិទបញ្ចប់ទៅយ៉ាងល្អប្រសើរជាទីបំផុត។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍​ ជួន សុវណ្ណ បានលើកឡើងថា ប្រជាពលរដ្ឋជាច្រើនកុះករនៅរាជធានីភ្នំពេញ បាននាំគ្នាទៅចូលរួមការបោះឆ្នោត ក្រោមបរិយាកាសរីករាយ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ តាំងពីពេលបើកទ្វារម៉ោង៧ព្រឹក រហូតដល់ម៉ោងបិទបញ្ចប់។

បើប្រៀបធៀបជាមួយព្រឹត្តិការណ៍បោះឆ្នោតកាលពីឆ្នាំ២០១៣ នាយឧត្តមសេនីយ៍ស្នងការ បានអះអាងថា មានភាពប្រសើរយ៉ាងខ្លាំង ដោយសារតែនៅឆ្នាំ២០១៣នោះ មានការរំខាន មានអំពើហិង្សានៅតាមការិយាល័យបោះឆ្នោតនីមួយៗ ប៉ុន្ដែការបោះឆ្នោតនៅឆ្នាំ២០១៨នេះ ពិតជាប្រព្រឹត្តទៅយ៉ាងរលូនជាទីបំផុត។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានអះអាងផងដែរថា​ កម្លាំងនគរបាលបានចុះល្បាតនៅតាមគោលដៅនានា និងបានទប់ស្កាត់មិនឲ្យមានបទល្មើសអ្វីកើតឡើងចំពោះប្រជាពលរដ្ឋនោះឡើយ ធានាសម្ដៅជូនពួកគាត់បានប្រសើរជាទីគាប់ចិត្ត។

បើតាមនាយឧត្តមសេនីយ៍ សម្រាប់តួរលេខប្រជាពលរដ្ឋទៅបោះឆ្នោតនៅរាជធានីភ្នំពេញ បានជិត៨០ភាគរយ ដែលបង្ហាញពីការបង្ហាញឆន្ទៈយ៉ាងពិតប្រាកដ របស់ពលរដ្ឋយើងចង់បានសន្ដិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ៕