(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៉ិក ប៊ុនហុក បានប្រកាសថា លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការបោះឆ្នោតជាថ្មី។ ដោយឡែកលទ្ធផលផ្លូវការ ក៏នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ។

ប្រធានគ.ជ.ប បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំក្រសួងមហាផ្ទៃ។ កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួម​មាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ​, តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និង​អន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការJICA និង​ជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ ផងដែរ។

លោក ស៉ិក ប៊ុនហុក បានបញ្ជាក់ថា «ចំពោះលទ្ធផលបណ្តោះអាសន្ន គ.ជ.បនឹងផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោតសារជាថ្មី។ រីឯលទ្ធផលផ្លូវការ នឹងផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោត សារជាថ្មី»។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុននឹងឈានដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការខាងមុខនេះ គ.ជ.បក៏នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះមុនផងដែរ។ លទ្ធផលបឋម ត្រូវផ្សាយចេញ ​ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង១៖០០នាទី រំលងអាធ្រាត្រនាយប់នេះ។ ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវប្រកាសលទ្ធផលបឋមរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា, វិទ្យុជាតិកម្ពុជា, ទូរទស្សន៍ Online គ.ជ.ប, វិទ្យុ Online គ.ជ.ប, គេហទំព័រគ.ជ.ប, និង Facebook របស់គ.ជ.ប ផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលធ្វើឡើងតែមួយថ្ងៃ ចាប់ពីម៉ោង៧៖០០ព្រឹក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល។ បើតាមគ.ជ.ប ការបោះឆ្នោតនៅអាណត្តិនេះ ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសចំនួន ៦,៧៤៤, ៨៩៣នាក់ ស្មើនឹង៨០,៤៩% នៃប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ តែមាន៦៩,៦១% ផងដែរ៕