​(ភ្នំពេញ)៖ ម្ចាស់ឆ្នោតរំពឹងថា មេដឹកនាំដែលគេបោះឆ្នោតជូន នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ នឹងជួយសម្រេចបំណងរបស់ពួកគេ គឺធ្វើឲ្យជាតិកាន់តែរីកចម្រើន ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា។

អ្នកបោះឆ្នោត បានបង្ហាញគោលបំណងថា អ្វីដែលពួកគាត់ចង់បាន ក្រោយការបោះឆ្នោតជូនថ្នាក់ដឹកនាំ ដែលគាត់ស្រឡាញ់ពេញចិត្តនោះ គឺចង់ឃើញប្រទេសជាតិ កាន់តែមានការអភិវឌ្ឍបន្ថែមទៀត ដើម្បីដើរឲ្យទាន់បណ្ដាប្រទេសដទៃផ្សេងទៀត។

ក្រៅពីបង្ហាញគោលបំណងនេះហើយ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានអះអាងថា ការដែលប្រជាពលរដ្ឋសម្រុកមកបោះឆ្នោតនេះ គ្មានការបង្ខិតបង្ខំអ្វីនោះទេ ព្រោះប្រជាពលរដ្ឋម្នាក់គោរពនូវ រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ហើយការរៀបចំដំណើរការបោះឆ្នោត ក៏បានដំណើរទៅយ៉ាងរលូន គ្មានអំពើហិង្សា ឬបង្កការភ័យខា្លចណាមួយឡើយ។

បន្ថែមពីនេះ ម្ចាស់ឆ្នោត​បានបញ្ជាក់ថា ពួកគាត់ក៏មិនមានការបារម្ភ​អ្វីអំពីការក្លែងបន្លំសន្លឹកឆ្នោត ព្រោះថាការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍យ៉ាងច្រើនចូលរួមឃ្លាំមើល ដោយមាន​ទាំងអ្នកសង្កេតការណ៍ជាតិ និងអ្នកសង្កេតការណ៍អន្ដរជាតិផងដែរ។

ដោយឡែក សម្រាប់ការបោះឆ្នោតដោយអវត្តមាន អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយនោះ ប្រជាពលរដ្ឋក៏បានឲ្យដឹងថា មិនមានអ្វីជាការរំខានដល់ដំណើរការ បោះឆ្នោតឡើយ ព្រោះនេះដោយសារតែគណបក្សមួយនោះ បានប្រព្រឹត្តកំហុសទើបរដ្ឋអំណាចរំលាយយ៉ាងដូច្នេះ ហើយបើគណបក្សនោះមិនប្រព្រឹត្តខុសទេ តុលាការក៏មិនរំលាយដែរ៕

សូមស្ដាប់កិច្ចសម្ភាសន៍រវាងអង្គភាព Fresh News ជាមួយម្ចាស់ឆ្នោត៖