(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។

តាមរយៈទំព័រ Facebook ផ្លូវការនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «​ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ បានយ៉ាងល្អប្រសើរ នៅក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាព គ្មានអំពើហិង្សា​»។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ​ការសម្រេចបាននូវជោគជ័យ ក្នុងភារកិច្ចដ៏ថ្លៃថ្លានេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងសំខាន់ ពីប្រជាពលរដ្ឋគ្រប់រូប និងគ្រប់គណបក្សនយោបាយ ដែលបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពសុខដុមរមនាក្នុងសង្គម ព្រមទាំង កិត្យានុភាពជាតិខ្មែរទាំងមូល ទៅដល់សកលលោក បានឃើញច្បាស់នូវសមិទ្ធផល និងផ្លែផ្កានៃការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា​៕​