(ភ្នំពេញ)៖ លោក Stepan ZHIRYAKOV អនុប្រធានគណៈកម្មាធិការកសិកម្ម គោលនយោបាយស្បៀងអាហារ និងការគ្រប់គ្រងបរិស្ថាននៃក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា បានជម្រាបជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាថា អ្នកចូលរួមបោះឆ្នោតនៅកម្ពុជាមានច្រើនកុះករយ៉ាងនេះ គឺបង្ហាញពីការគាំទ្រចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ការបញ្ជាក់បែបនេះរបស់លោក Stepan ZHIRYAKOV ក្នុងឱកាសជួបសម្ដែងការគួរសមចំពោះសម្ដេច សាយ ឈុំ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ សម្តេច សាយ ឈុំ បានថ្លែងអំណរគុណចំពោះសភា និងរដ្ឋាភិបាលសហព័ន្ធរុស្សី ដែលបានឆ្លើយតបចំពោះការអញ្ជើញរបស់ព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ហើយបានបញ្ជូនគណៈប្រតិភូមកចូលរួមធ្វើជា អ្នកសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញ។
សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថា តាមរយៈដំណើរបេសកកម្មរបស់គណៈប្រតិភូនាពេលនេះ នឹងរួមចំណែកពង្រឹង-ពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរតាំងពីយូរយាមកហើយ ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។
លោក Stepan ZHIRYAKOV បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការគោរពពីថ្នាក់ដឹកនាំនៃសភាទាំងពីររបស់ប្រទេសរុស្ស៊ី ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងថ្លែងអំណរគុណចំពោះព្រឹទ្ធសភា និងសម្តេចប្រធានព្រឹទ្ធសភា ដែលអញ្ជើញលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី មកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោក Stepan ZHIRYAKOV មានជំនឿជឿជាក់ថា នាពេលអនាគត ទំនាក់ទំនងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន ក៏ដូចជាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកាន់តែរីកចម្រើនរឹងមាំថែមទៀត ដើម្បីបម្រើផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ក្រោយពីបានដឹកនាំក្រុមអ្នកសង្កេតការណ៍ ចូលរួមសង្កេតការណ៍បោះឆ្នោតរួចមក លោក Stepan ZHIRYAKOV បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា គណៈប្រតិភូបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយសង្កេតឃើញថា អ្នកចូលរួមបោះឆ្នោតមានយ៉ាងច្រើនកុះករ ដែលបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល និងចំពោះមូលហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ តាមរយៈបេសកកម្មនេះ គណៈប្រតិភូបានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើន និងលូតលាស់លើគ្រប់វិស័យក្នុងល្បឿនដ៏ឆាប់រហ័ស។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានអញ្ជើញគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ទៅចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ សម្តេចវិបុលសេនាភក្តី បានជម្រាបជូនគណៈប្រតិភូអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីម្សិលមិញ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាពក្នុងសុខសន្តិភាព និងគ្មានអំពើហិង្សា។
សម្តេចបានប្រកាសត្រៀមខ្លួនដើម្បីទទួលដំណើរទស្សនកិច្ចរបស់លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅកម្ពុជានាខែធ្នូខាងមុខនេះ។ តាមរយៈគណៈប្រតិភូ សម្តេចវិបុលសេនាភក្តី បានអញ្ជើញលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី មកចូលរួមវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃកម្ពុជា និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី មានការរីកចម្រើនគួរជាទីមោទនៈ។ ទន្ទឹមគ្នានេះ សម្តេចវិបុលសេនាភក្តី បានថ្លែងអំណរគុណចំពោះប្រទេសរុស្ស៊ី ដែលបានបង្កឱកាសដល់កម្ពុជា បានចូលរួមកិច្ចប្រជុំប្រធានសភាអាស៊ី-អឺរ៉ុប នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧ និងត្រៀមចូលរួមកិច្ចប្រជុំដូចគ្នានេះ នៅប្រទេសតួកគី នាខែតុលាខាងមុខ៕