(ភ្នំពេញ)៖ សិស្សប៊ែលធីចំនួន៦៤នាក់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានចំណាយពេល១៤ថ្ងៃ ក្នុងការចូលរួមកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2018) នៅប្រទេសកូរ៉េប្រកបដោយជោគជ័យ។ ការបោះជំរំជាអន្តរជាតិនេះមានយុវជនជាង៤.០០០នាក់ មកពី៨០ប្រទេសនៅលើពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំ មកពីបណ្តាប្រទេសនានា ចំនួន២២ចូលរួមផងដែរ។

ក្នុងឱកាសនោះដែរលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងអំណរគុណដល់អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដែលសហការ និងផ្តល់ឱកាសឲ្យសិស្សប៊ែលធី បានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ។

លោក លី ប៊ុនឆៃ បានឲ្យដឹងបន្ថែមថា នេះជាលើទី៥ ដែលសាលា ប៊ែលធី អន្តរជាតិ បានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីនេះ ដែលមានចំនួនសរុប៤៧៣នាក់។ ការចូលរួមក្នុងកម្មវិធីនេះ គឺផ្តោតទៅលើ ភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទនៃការអប់រំបែបវិទ្យាសាស្រ្តទំនើប ហើយសិស្សប៊ែលធីទាំង៦៤នាក់ ក៏បានទៅទស្សនាស្វែងយល់ពី តំបន់សំខាន់ៗជាច្រើនដូចជា៖ ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន តំបន់ប្រវិត្តសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។

លោកក៏បានបន្តទៀតថា គោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមការបោះជំរំនេះ គឺសាលាចង់ឲ្យសិស្សរបស់យើងមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុម ជាមួយជាតិសាសន៍ផ្សេងៗគ្នា ដើម្បីដកស្រង់នូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក ក៏ដូចជា បានផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងចំណេះដឹងថ្មីៗដ៏ទៃទៀត ដែលប្អូនៗពុំធ្លាប់បានជួប។ ការចូលរួមបោះជំរំនេះ ក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់ អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជា បានបង្ហាញឲ្យពិភពលោកបានស្គាល់បន្ថែមទៀតនូវទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងការរីកចម្រើន របស់ប្រទេសកម្ពុជាផងដែរ។

ក្រោយពីការវិលត្រឡប់មកពីបោះជំរំជាអន្តរជាតិ នៅប្រទេសកូរ៉េខាងត្បូង សិស្សឈ្មោះ ចាន់ ឆាយហួ ជាសិស្សថ្នាក់ទី១១ នៅសាខាទី៣ បន្ទាប់ពីបានចូលរួមបោះជំរុំអន្តរជាតិ នៅប្រទេសកូរ៉េ រយៈពេល១៤ថ្ងៃនេះ ប្អូនមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះប្អូនបានចូលរួមកម្មវិធីជាច្រើនដែលគេបង្កើតឡើង។

ជាក់ស្ដែងក្នុងកម្មវិធី Mind Lecture ប្អូនបានយល់ដឹងជាច្រើនចំណុចដូចជា៖ ការមានគំនិតវិជ្ជមានការមានកម្លាំងចិត្តយកឈ្នះឧបសគ្គ ការចេះស្រឡាញ់ឪពុកម្ដាយបងប្អូន ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ការបើកចិត្តឲ្យទូលាយ ហើយនៅក្នុងកម្មវិធី Academy Class ប្អូនចូលរួមការលេងល្បែងប្រជាប្រិយកូរ៉េ ការបង្កើតសម្ភារៈប្រើប្រាស់ និងវិធីថែសម្ផស្ស។

ក្នុងកម្មវិធីនេះដែរ ប្អូនដឹងអំពីការប្រាស្រ័យទាក់ទងជាមួយជនជាតិជាច្រើន ដោយប្រើភាសាអង់គ្លេស ការធ្វើការជាក្រុម និងការលេងល្បែងប្រជាប្រិយជាដើម។
ជាមួយគ្នានោះ សិស្សឈ្មោះ ហួ ភារ៉ា ជាសិស្សថ្នាក់ទី១១ នៅសាខាទី៣ បាននិយាយឲ្យដឹងថា ប្អូនមានអារម្មណ៍ថាវាថ្មីសម្រាប់ប្អូន ហើយនៅក្នុងនោះក៏មានកម្មវិធីដើរផ្សារ កម្មវិធីជិះទូក នៅក្នុងកម្មវិធី Homestay និងក៏បានទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើនដូចជា ទីក្រុងសេអ៊ូល ទីក្រុងប៊ូសាន និងតំបន់ប្រវត្តិសាស្ត្រផ្សេងៗទៀតផងដែរ។

ជាចុងក្រោយតំណាងអោយសិស្សប៊ែលធី ប្អូនបានថ្លែងអំណរគុណ ដល់សាលាប៊ែលធីអន្តរជាតិ ក៏ដូចជាឯកឧត្តម បណ្ឌិត លី ឆេង ដែលបានបង្កើតកម្មវិធីនេះឡើង ៕