(ភ្នំពេញ)៖ «ឱអនិច្ចាសន្លឹកឆ្នោតផ្តាច់សង្ខារពួកឃោសនាមិនឲ្យទៅបោះ។ តែមិនរង្គោះបេះដូងប្រជានាំគ្នាទៅបោះដូចគង្គាធ្លាក់ពីមេឃ។ អ្នកបានឃោសនាផ្តាច់សង្ខាខ្លួនឯង ថាកុំទៅបោះដោយមិនគិត ក្រែងដល់ចិត្ត ប្រជាដែលស្ម័គ្រដែលស្មោះនឹងនយោបាយឈ្នះឈ្នះរបស់តេជោសែន»។ នេះជាការបញ្ចេញខ្លឹមសារផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ នៅក្នុងក្រសួងការពារជាតិនោះគឺ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ដែលបានបញ្ចេញតាមបណ្តាញសង្គម Facebook​ បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជាអាណត្តិទី៦ បានបិទបញ្ចប់ ទៅដោយជោគជ័យជាទីបំផុត តាមរយៈការចូលរួមរបស់ម្ចាស់ឆ្នោតរហូតជាង៨២ភាគឯណោះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាមន្រ្តីជាន់ខ្ពស់ម្នាក់ផងដែរ នៅក្នុងគណបក្សប្រជាជនកម្ពុជា បានលើកឡើងពាក់ព័ន្ធនឹងយុទ្ធនាការដ៏អាក្រក់របស់ក្រុមប្រឆាំង ប្រកាសមិនឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតត្រូវបរាជ័យទាំងស្រុង។ នាយឧត្តមសេនីយ៍ បានថ្លែងបន្តយ៉ាងដូច្នេះថា

*ប្រសិនបើអ្នកអំពាវនាវឲ្យទៅបោះវិញហើយបោះប្រឆាំងនោះ អ្នកអាចនៅមានឱកាសតវ៉ាថា សន្លឹកឆ្នោតនេះត្រូវប្រហារដោយបក្សកាន់អំណាច។ ប៉ុន្តែពុំដូច្នោះ ពេលនេះអស់ហើយ អស់អ្វីៗដែល ជាកូនសង្ឈឹម នេះហើយផលកម្មនៃសន្តានក្បត់តថភាពសង្គម។ បើអ្នកសន្យាថា ត្រូវទៅបោះ ពួកប្រឆាំងអ្នកមានភាពតវ៉ាថា សន្លឹកឆ្នោតទាំងអស់នេះត្រូវបានកេងបន្លំ ឬលួច ប៉ុន្តែពុំដូច្នោះ អ្នកផ្តាច់សង្ខាខ្លួនឯង ក្ស័យជីវ៉ា គឺជានយោបាយអត្តឃាតបែបថ្មី ដែលបរាជ័យនៅលើឆាកអន្តរជាតិប្រជាធិបតរយ្យតែម្តង។

នេះក៏ជាជោគជ័យ នៃនយោបាយឈ្នះឈ្នះ ថែមទៀតរបស់សម្តេចតេជោសែន ក្នុងដំណើរការអភិវឌ្ឍ ក្នុងសង្គមជាតិថ្មី។ នោះគឺជាជោគជ័យដែលយើងមើលឃើញយ៉ាងប្រត្យក្ស មិនចេះរីងស្ងួតគ្រប់ ដំណាក់កាលវិវត្តន៍នៃប្រវត្តិសាស្រ្តកម្ពុជា ពីសម័យមួយមកសម័យមួយ គឺឆ្លងកាត់ពីដំណាក់កាលសង្រ្គាមប្រទាញប្រទង់ផង សន្តិភាពផង មកដំណាក់កាលសន្តិភាពពេញលេញ និងមកដំណាក់កាលប្រជាធិបតេយ្យពេញទំហឹង។ យើងអាចអះអាងបានថា ពេលនេះគឺជាជោគជ័យថ្មីទៀត នៃប្រជាធិបតេយ្យដំណាក់កាលថ្មីមួយទៀត នៅកម្ពុជាក្នុងរបត់នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

ពីព្រោះលទ្ធផល និងសមិទ្ធផលដែលបានកើតឡើងចេញពីបេះដូង និងបាតដៃផ្ទាល់របស់ប្រជាជន ដែលបង្ហាញតាមរយៈម្រាមដៃ ដែលប្រលាក់ពណ៌ជ្រលក់ក្រោយពេលបោះឆ្នោតហើយ។ នេះគឺជាក្តីសង្ឃឹមថ្មីៗ បន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា សម្រាប់សន្តិសុខក្នុងតំបន់ និងសម្រាប់ការអភិវឌ្ឍផ្ទាល់របស់ប្រទេសជាតិផងដែរ ហើយក៏ជាមេរៀនដ៏អស្ចារ្យ និងអាចចាត់ទុកថា ជាភាពអច្ឆរិយថ្មីមួយទៀតនៅលើដែនដីសណ្តរទន្លេមេគង្គដែលចេញ ទៅបោះឆ្នោត។

ការបង្ហាញនូវសន្លឹកឆ្នោតចេញអំពីខួរក្បាល និងបេះដូងរបស់ប្រជាជនជំនាន់មុន ជំនាន់កណ្តាល និងជំនានក្រោយនេះបង្ហាញនូវឆន្ទះដ៏មោះមុត និងជំនឿជាក់ពិតចំពោះការដឹកនាំ ប្រសិទ្ឋភាពរបស់គណបក្សប្រជាជនកម្ពុជា ពិសេសមគ្គុទ្ទេសដ៏សក្តិសិទ្ធិរបស់សម្តេចតេជោ ហ៊ុន សែន។ បើយើងសាកល្បងពិនិត្យនូវជោគជ័យ នៃនយោបាយឈ្នះឈ្នះ ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងទទួលសន្តិភាពពេញលេញកាលពី២០ឆ្នាំមុន មកដល់បច្ចុប្បន្ននេះព្រលឹង និងអត្តសញ្ញាណរួមទាំងយុទ្ធសាស្រ្ត ដែលបម្រើឲ្យនយោបាយឈ្នះឈ្នះ នៅមានអាទិភាព និងជាប្រការដែលត្រូវពិចារណា សិក្សាស្រាវជ្រាវឲ្យបានកាន់តែដិតដល់ស៊ីជម្រៅថែមទៀត ក្នុងសម័យកាលសន្តិភាពពេញលេញ និងអភិវឌ្ឍស្ទើរគ្រប់ជ្រុងជ្រោយ និងក្នុងសម័យកាលដែលទទួលបាននូវសមិទ្ធផលប្រឈមជាមួយ និងការវិវត្តទាំងបញ្ញាញ្ញាណ ការវិវត្តិនៃជំនាន់សង្គម ហើយនិងការទទួលនូវឥទ្ធិពល វឌ្ឍនភាពផ្សេងៗពីខាងក្រៅ។

សមរភូមិថ្មីដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៧-២០១៨ ពីរឆ្នាំចុងក្រោយនេះធ្វើឲ្យយើងនឹកឃើញទៅដល់ធាតុផ្សំទាំងឡាយ នៃនយោបាយឈ្នះឈ្នះ ដែលមានយុទ្ធសាស្រ្ត DIFID កាលនោះ ហើយដែលពេលនេះ យុទ្ធសាស្រ្តនៃការបំបែកធ្វើឲ្យឯកោ បញ្ចប់ សមាហរណកម្ម និងអភិវឌ្ឍន៍ ក៏អាចមានន័យ ក្នុងទិដ្ឋភាពថ្មីក្នុងការប្រើប្រាស់ដែរ ជាមួយនិងគួបដិបក្សក្នុងភាពចំហ ក្នុងតម្លាភាពពេញលេញជាមួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ យើងមើលឃើញថា គួបដិបក្សគឺនៅជាប់ជាមួយគ្នា នៅប្រជែងគ្នាខាង មនោគមវិជ្ជា ប្រជែងគ្នាខាងការដឹកនាំ ប្រជែងគ្នានៅលើទីផ្សារ និងប្រជែងគ្នាក្នុងការដណ្តើមយកបេះដូងប្រជាជនគាំទ្រក្នុងការដឹកនាំមួយដោយសេរី...។

ខ្ញុំនៅតែនឹកដល់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបាននិយាយនៅក្នុងឆ្នាំ១៩៩៩ ក្នុងបទសម្ភាសន៍មួយថា សម្តេចគឺជាអ្នកជាក់ស្តែងនិយម ដោយភាពជាក់ស្តែងទាំងនេះ គឺយកប្រជាជន និងផលប្រយោជន៍របស់សង្គម ធ្វើជាគោលដៅដែលពេលខ្លះមិនមែនជាប្រជាធិបតេយ្យសិប្បនិមិត្ត មិនមែនជាសីលធម៌ និងគុណធម៌សិប្បនិមិត្ត ដែលមានតែក្នុងទ្រឹស្តីនានារបស់ប្រទេស និងមនុស្សខ្លះ។ នេះជាលទ្ធផលទទួលបានបន្ថែមទៀត ជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ក៏សម្រាប់ភាពជាអ្នកដឹកនាំ និងទ្រឹស្តីនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ដែលជាមគ្គុទេសជាក់លាក់ ពិតប្រាកដ នៃជាតិកម្ពុជាដែលប្រវត្តិសាស្រ្តរបស់យើងត្រូវសរសេរទុកបន្ថែមទៀត...។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត ៧លាននាក់ ស្មើនឹង ៨២.១៧% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំង លើសពីឆ្នាំ២០១៣ ដែលមានតែ ៦៩.៦១% ប៉ុណ្ណោះ៕