(ភ្នំពេញ)៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការ​កងពលតូចលេខ៧០ សូមប្រកាសពីភាពជោគជ័យ និងអបអរសារទរចំពោះសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលុបជាង៨០% បានអញ្ជើញទៅចូលរួមបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ឯក ម៉ៅ​ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ បានអបអរសារទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ប្រកបដោយជោគជ័យ ក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងមានប្រជាជនចូលរួម បោះឆ្នោតច្រើនលើសលុបលើស៨០%។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់យ៉ាងដូច្នេះថា «មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ សូមយកឱកាសដ៏វិសេសវិសាល នៃថ្ងៃប្រវិត្តសាស្ដ្រ របស់ប្រជាជនកម្ពុជានៅថ្ងៃនេះ សូមអនុញ្ញាតចូលរួមសម្ដែងអបអរសារទរយ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយជោគជ័យ ក្នុងបរិយាកាសដ៏ល្អប្រសើរ ដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ និងមានប្រជាជនចូលរួមបោះឆ្នោតច្រើនលើសលុបលើស៨០%»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ត្រូវបានបញ្ចប់ដោយភាពជោគជ័យនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ជាមួយនឹងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។

បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត៧លាននាក់ ស្មើនឹង៨២.៨៩% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១% ប៉ុណ្ណោះ៕