(ភ្នំពេញ)៖ (ភ្នំពេញ)៖ សមាជិកនិងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃទី៣០ ខែកក្កដានេះថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ។
សូមជំរាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា។ សន្តិសុខត្រូវបានការពារយ៉ាងហ្មត់ចត់ មិនបានបង្កការភ័យខ្លាចអ្វីដល់ប្រជាពលរដ្ឋដូចកាលបោះឆ្នោត កាលពីឆ្នាំ២០១៣នោះទេ។ អំឡុងពេលបោះឆ្នោត ក៏គ្មានអំពើហិង្សា ហើយក្រោយពេលបញ្ចប់ការបោះឆ្នោត ក៏គ្មានអំពើហិង្សា ស្របពេលដែលគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ រង់ចាំស្តាប់លទ្ធផលប្រកាសដោយគ.ជ.ប ខាងមុខនេះ៕