(អូស្រ្តាលី)៖ សមាគមចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដែលមកពីប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយវាយតម្លៃថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងជាគំរូសម្រាប់ប្រទេសក្នុងតំបន់។

សមាគមចំនួន៦ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ បានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា បានថ្លែងការបញ្ជាក់អំពីការវាយតម្លៃចំពោះដំណើរការប្រព្រឹត្តទៅទាំងក្នុងយុទ្ធនាការបោះឆ្នោត និងដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលមានលក្ខណៈល្អប្រសើរ ដោយគូសបញ្ជាក់ថា មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហឹង្សា និងជាគំរូសម្រាប់បណ្តាប្រទេសនានា នៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨ កន្លងមកនេះ ត្រូវបានផ្តល់តម្លៃដោយពលរដ្ឋខ្មែរខ្លួនឯង តាមរយៈការចូលរួមការបោះឆ្នោតប្រមាណជាង៨២ភាគរយ នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុប និងស្ថិតក្រោមក្រសែភ្នែកមនុស្សជាច្រើនម៉ឺននាក់ ដែលជាអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្សនយោបាយ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ដែលអញ្ជើញមកពីប្រទេសជាង៥០លើពិភពលោក ឃ្លាំមើលនូវដំណើរការបោះឆ្នោតនេះ។

សមាគមបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមអ្នកសង្កេតការអន្តរជាតិ យើងខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះពលរដ្ឋខ្មែរ ដែលបានចូលរួមពង្រឹងនូវលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសខ្លួន ដោយបានសម្តែងនូវឆន្ទៈតាមរយៈការចេញទៅបោះឆ្នោតក្នុងចំនួនយ៉ាងច្រើនលើសលប់ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើសគ្រប់គ្រាន់​ និងការពារដោយប្រព័ន្ធបោះឆ្នោតសម្ងាត់។ ទន្ទឹមនេះ យើងខ្ញុំក៏សូមវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀចំការបើឆ្នោត (គ.ជ.ប) ដែលបានធ្វើឱ្យការបោះឆ្នោតមួយនេះ ក្លាយជាគំរូ មួយសម្រាប់បណ្តាប្រទេសនានាក្នុងតំបន់ផងដែរ ដោយធានាបាននូវការបោះឆ្នោតមួយដែលប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងគ្មានការគំរាមកំហែង»

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សមាគមដែលចូលរួមសង្កេតការណ៍មកពីអូស្រ្តាលី និងណូវ៉ែលហ្សេឡង់៖