(ឧត្តរមានជ័យ)៖ លោក គន់ គីម បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនមណ្ឌលឧត្តរមានជ័យ បាននាំយកទានវស្សាប្រគេនព្រះសង្ឃនៅវត្តទាំង១៥ នៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកសាងបុណ្យកុសលក្នុងព្រះពុទ្ធសាសនា។

ថ្លែងក្នុងឱកាសនោះ លោក គន់ គីម ក៏បានគូសបញ្ជាក់ថា ការពិតទានព្រះវស្សានេះ លោកគម្រោងយកប្រគេនព្រះសង្ឃតាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ម្ល៉េះ ប៉ុន្ដែមិនអាចធ្វើទៅបានដោយសារតែពេលនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអនុញ្ញាតឲ្យមានការចែក ឬផ្ដល់អំណោយណាមួយនោះទេ ពោលនៅពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត។

យ៉ាងណាមិញ ក្នុងឱកាសប្រគេនទានវស្សានេះ បេក្ខជនតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាមណ្ឌលឧត្ដរមានជ័យ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅស្រុកអន្លង់វែង និយាយដោយឡែក និងនិយាយជារួមប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទើបធ្វើឲ្យគណបក្សប្រជាជន អាច​ឈ្នះឆ្នោតបានយ៉ាងច្រើនលើសលុប៕