(ភ្នំពេញ)៖ ​សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលបានចាត់តាំងបុគ្គលិកចំនួន៦៨២នាក់ ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍មួយដោយវាយតម្លៃថា ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត​ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានដំណើរការយ៉ាងល្អប្រសើរ និងគ្មានការគំរាមកំហែងកើតឡើងទេ ជាពិសេសគឺមានប្រជាពលរដ្ឋទៅបោះឆ្នោតយ៉ាងច្រើន​កុះករ។

​ក្នុងសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ​សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា​ បានបញ្ជាក់ថា ​គណបក្សនយោបាយទាំងអស់បានចូលរួមយ៉ាងផុសផុល និងបានប្រកួតប្រជែងដោយសេរី ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីកៀរគរការគាំទ្រ សម្រាប់គណបក្សរបស់ខ្លួន និងបានបញ្ជូនភ្នាក់ងាររបស់ខ្លូនចូលរួម ឃ្លាំមើលការបោះឆ្នោតដើម្បីតាមដានអង្កេត និងតវ៉ាចំពោះភាពមិនប្រក្រតីណាមួយ ដែលកើតឡើង។ ដូចនេះសមាគម សូមធ្វើការសន្និដ្ឋាន និងវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦នេះ បានប្រព្រឹត្តទៅក្នុងបរិយាកាស សេរី យុត្ដិធម៌ និងមានតម្លាភាព។​

សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀត នៅគ្រប់ការិយាល័យ ទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋដែល បានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ បានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩ភាគរយ៕