(ភ្នំពេញ)៖ ជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន ត្រូវបានព្រះរាជអាជ្ញារង សឿ ឡងឌី អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនបានបញ្ជូនទៅពន្ធនាគារ ឬមណ្ឌលកែប្រែ ដូចជនសង្ស័យផ្សេងៗនោះទេ។ នេះបើយោងតាមការបញ្ជាក់ពីនគរបាលខណ្ឌសែនសុខ ដែលជាអ្នកចាប់បញ្ជូនក្រុមជនសង្ស័យទៅឲ្យលោកព្រះរាជអាជ្ញារង សឿ ឡងឌី។

ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង សឿ ឡងឌី ដោះលែងកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ រួមមាន៖ ទី១ឈ្មោះ ញឹម វិចិត្រ និងទី២ឈ្មោះ សុខ វិសាល ភេទប្រុស។

សូមបញ្ជាក់ថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងទី២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ បន្ទាប់មក ត្រូវបានលោកព្រះរាជអាជ្ញារង សឿ ឡងឌី សម្រេចដោះលែងទៅវិញ។

ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងថា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបើកយុទ្ធនាការទ្រង់ទ្រាយធំ ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីដើមឆ្នាំ២០១៧ ដែលវិធាននេះ ជាផ្នែកមួយសំខាន់ណាស់ ដើម្បីកាត់បន្ថយបទល្មើសផ្សេងៗក្នុងសង្គម៕