(ព្រះសីហនុ)៖ សណ្ឋាគារលំដាប់ផ្កាយ៥ ព្រីនស៍ ថាម ហូថេល ខេត្តព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) នឹងត្រូវបើកសម្ពោធដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការសាងសង់ជាផ្លូវការ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

លោក ឈីវ គួរស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានវាយតម្លៃខ្ពស់ចំពោះ គុណភាពសំណង់ល្បឿន នៃការសាងសង់ និងការគ្រប់គ្រងសំណង់។ ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណដល់គ្រប់ដៃគូពាក់ព័ន្ធដែលបានសហការយ៉ាងល្អ និងគាំទ្រដល់គម្រោង ធ្វើឱ្យការសាងសង់ ដំណើរការទៅដោយរលូន និងបានបញ្ចប់ទៅដោយជោគជ័យតាមកាលដែលបានគ្រោងទុក។

សណ្ឋាគារ ព្រីនស៍ ថាម ហូថេល គឺជាគម្រោងសណ្ឋាគារ ប្រណីតលំដាប់ផ្កាយ៥ ទីមួយដែលគ្រប់គ្រង និងប្រតិបត្តិផ្ទាល់ដោយក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនយក្ស ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ សណ្ឋាគារនេះ មានទំហំសរុប២៩០០០ម៉ែត្រការ៉េ សាងសង់លើផ្ទៃដី១.២ហិកតា ស្ថិតនៅជិតឆ្នេរសមុទ្រ និងទីប្រជុំជនខេត្តព្រះសីហនុ គឺជាសណ្ឋាគារបែបទេសចរណ៍ និងធុរកិច្ចប្រណីតលំដាប់ផ្កាយ៥។

សណ្ឋាគារ ព្រីនស៍ ថាម ហូថេល បានចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧។ សណ្ឋាគារនេះ នឹងបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ។

សណ្ឋាគារ ព្រីនស៍ ថាម ហូថេល ផ្តល់ជូនប្រភេទបន្ទប់ប្រណីតចំនួន១៩៣បន្ទប់ និងមានបំពាក់នូវគ្រឿងបរិក្ខារទំនើបៗ អាងហែលទឹក ក្លឹបហាត់ប្រាណ យូហ្គា ចំណតឧទ្ធម្ភាគចក្រនៅលើដំបូលអគារជាដើម។ ក្រៅអំពីគម្រោងសណ្ឋាគារ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានដាក់ចេញនូវផែនការ និងគម្រោងអភិវឌ្ឍន៍ជាច្រើន នៅខេត្តព្រះសីហនុ គម្រោងទាំងនោះរួមមាន៖ គម្រោងចម្រុះ ព្រីនស៍ អាយធី បៀលឌីង (កំពុងសាងសង់) គម្រោងព្រីនស៍ ខូលីណឹន បេ (នឹងបើកការដ្ឋានសាងសង់នៅដើមខែសីហា ២០១៨) គម្រោងព្រីនស៍ ស៊ីធី សិនធើ គម្រោងព្រីនស៍ ប្រ៊ូ ស៊ី ផ្លាទិនៀម ផាទ្បេស និងគម្រោងព្រីនស៍ កោះរតនៈ។ល។ ដែលគ្រោងនឹងសាងសង់នាពេលខាងមុខ៕