(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានពីការកើនឡើងកម្ពស់ទឹកទន្លេមេគង្គបន្ដទៀត នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៅមុខ ដែលធ្វើឲ្យតំបន់ទំនាបមួយចំនួន ត្រូវបានជន់លិច ប៉ុន្ដែមិនបានប៉ះពាល់ដល់ក្រុងស្ទឹងត្រែងនោះឡើយ ព្រោះមានទំនប់ការពាំរទឹកជំនន់។

លោក ចាន់ យុត្ថា​ អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ។

ត្រង់ចំណុចនេះ លោកពន្យល់ថា​ សម្រាប់ខេត្តស្ទឹងត្រែង នៅពេលទឹកឡើងដល់កម្ពស់១០.៥០ម៉ែត្រនោះ នឹងនាំឲ្យលិចតំបន់ទំនាបមួយចំនួន ហើយក្រុងស្ទឹងត្រែង ទាល់តែទឹកទន្លេមេគង្គឡើង ដល់១១.៥០ម៉ែត្រ ទើបអាចគំរាមកំហែងបាន ពីព្រោះក្រុងស្ទឹងត្រែង មានទំនប់ការពារទឹកជំនន់មួយ ដែលក្រសួងធនធានទឹក បានសាងសង់កាលពីឆ្នាំ២០០៦កន្លងទៅ។

បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់ខេត្តស្ទឹងត្រែង ទឹកទន្លេមេគង្គនឹងកើនឡើងដោយសន្សឹមៗ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត ដោយកាលពីព្រឹកមិញកម្ពស់ទឹក កើនឡើង១០.៨៤ម៉ែត្រ លុះពេលម៉ោង៥ល្ងាចនេះ កើនឡើង១០.៩២ម៉ែត្រ ដោយសារតែកម្រិតទឹកភ្លៀងនៅផ្ទៃរងទឹកទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសថៃ បានរៀបថមថយហើយនោះ។

លោក ចាន់​ យុត្ថា បានបន្ដថា បន្ទាប់ពីខេត្តស្ទឹងត្រែង​ថមថយ ទឹ​កទន្លេមេគង្គនឹងកើនឡើងនៅខេត្តក្រចេះ បន្ទាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងរយៈពេលបន្ដបន្ទាប់គ្នា។

សូមជម្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចកើនឡើងដល់៖

* នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០​ ម៉ែត្រ)។

* នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់ ២២.១៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។

* នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១៥.២៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។

ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕