​(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើដល់កម្លាំងនគរបាល, ចៅសង្កាត់ និងមន្ត្រីគ្រប់លំដាប់ថ្នាក់សូមត្រៀមលក្ខណៈ មធ្យោបាយសង្គ្រោះ និងរកទីទួលសុវត្ថិភាពទុកឲ្យហើយ ដើម្បីត្រៀមសង្គ្រោះ ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកទន្លេ ខណៈប៉ុន្មានថ្ងៃនេះ ទឹកទន្លេបានហូរចូលភូមិឋានបណ្តើរៗហើយ ដូចសង្កាត់និរោធ ក៏ដូចជាសង្កាត់ទាំង៧ ផ្សេងទៀត ក្នុងខណ្ឌច្បារអំពៅ។ ជាមួយគ្នានេះ លោកសំណូមពរដល់ចៅសង្កាត់ ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់។

លោកអភិបាលខណ្ឌច្បារអំពៅ លើកឡើងបែបនេះ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​ខណ្ឌ ក្រោម​វត្តមានលោក ​​អ៊ុ ម៉ា​រ៉េ​ត ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និងលោក​ ចេង មុនីរ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​​អភិបាលរង, នាយក​, នាយករង​រដ្ឋ​បាល, ចៅសង្កាត់, អធិការ​រង​ខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថ, និង​ក្រុម​មន្ត្រី​ចំណុះ​ជំនាញ​សាលា​ខណ្ឌ​ជា​ច្រើន​នាក់​ទៀត។

លោកបញ្ជាក់ថា «អាជ្ញាធរមានភារកិច្ចការគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ចុះបើមិនបានផ្សព្វផ្សាយដល់គាត់ទេ យប់ឡើងស្រាប់តែផ្ទះប្រជាពលរដ្ឋនៅតំបន់មិនរៀបរយ ដែលសំណង់មិនរឹងមាំ អណ្តែតតាមទឹកទន្លេទៅនោះ អាចកើតមានគ្រប់ពេលវេលា។ ដូច្នេះសូមលោក លោកស្រីជាចៅសង្កាត់ មន្ត្រីពាក់ព័ន្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវប្រញាប់ជម្រាប់ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងនាមអាជ្ញាធរសាធារណៈ ត្រូវតែការពារគាត់ ទោះរស់នៅមិនស្របច្បាប់ក៏ដោយ»

ក្រៅពីអំពាវនាវឲ្យមានការប្រុងប្រយ័ត្នបញ្ហាទឹកលិចនេះ លោកអភិបាលខណ្ឌ ក៏មិនភ្លេចពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ ការចាប់ម៉ូយរថយន្តតាក់ស៉ី បញ្ហាផ្សារព្រែកឯង ដែលលក់ទំនិញហៀរមកលើទ្រូងផ្លូវឡើងវិញនោះ។ លោកបានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោម ដែលហាក់លែងអើពើបញ្ហានេះ។

លោកបញ្ជាក់បន្តថា «តើអស់លោកមានមើលឃើញទេ? កុំចាំបាច់តែថ្នាក់លើស្រែក ចាំបាច់តែគេដាស់តឿនបានយើងធ្វើនោះ វាបាត់មនសិការខ្លួនឯង បម្រើសេវាប្រជាពលរដ្ឋ»

នាឱកាសនោះសមាជិកក្រុមប្រឹក្សាស្នើឲ្យគណៈអភិបាល បន្តអនុវត្តន៍ដោយភាពទទួលខុសត្រូវនោះ រួមមាន៖ ១-បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ដូចជាការចាប់ម៉ូយលើស្ពាន, ២-បញ្ហាលក់ដូរហូរហៀរលើទ្រូងផ្លូវជាតិលេខ១ របសអាជីវករផ្សារព្រែកឯង, ៣-បញ្ហារថយន្តដឹកខ្សាច់ចេញពីដេប៉ូ បង្កឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ, ៤-បញ្ហាដេប៉ូឈើ តាមផ្លូវ៣៦៩ ច្រាំងបាក់, និងបញ្ហាចែកចាយ ប្រើប្រាស់ថ្នាំញៀន រួមជាមួយល្បែងស៊ីសងគ្រប់ប្រភេទ ផងដែរ៕