(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង ប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ និងជាអភិបាលខេត្ត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ នៃខេត្តកំពង់ស្ពឺ បានសម្តែងក្តីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ស្ទើតែទាំងអស់ នៅថ្ងៃទី២៩ ខេកក្កដា ឆ្នាំ២០១៨ ជាពិសេសទៀតនោះ គឺបោះឆ្នោតជូនមកគណបក្សប្រជាជនយ៉ាងច្រើនលើសលុប។

ទន្ទឹមនឹងការចុះថ្លែងអំណរគុណនេះលោក វ៉ី សំណាងជំ បានជំរុញឱ្យមន្ត្រីនៅទូទាំងខេត្ត ដែលពលរដ្ឋបោះឆ្នោតឱ្យរហូត ត្រូវតបស្នងសងគុណឲ្យពួកគាត់វិញតាមរយៈ ចុះជួយការងារបង្កបង្កើនផល ដោះស្រាយបញ្ហាទុក្ខលំបាកជូនពួកគាត់ ហើយបន្តចុះត្រួតពិនិត្យជាបន្ទាន់ នូវការខូចខាតដំណាំកសិកម្ម ដែលបណ្តាលមកគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់នាពេលកន្លង។

លោកក៏បានសម្តែងនូវក្តីសប្បាយរីករាយចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគនបក្សប្រជាជន ដ៏ច្រើនលើសលុបសម្រាប់ខេត្តកំពង់ស្ពឺ ក៏ដូចជា នៅទូទាំងប្រទេស។

ក្នុងនាមលោកជាប្រធានបក្សខេត្ត សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺទាំងមូល និងសន្យាជួយដោះស្រាយគ្រប់ ការលំបាក សុខទុក្ខរបស់បងប្អូនដោយមិនប្រកាន់ពីនិន្នាការ នយោបាយឡើយ ហើយជំរុញឱ្យក្រុមការងារតាមមន្ទីរ​អង្គភាព របស់ខេត្តដោះស្រាយតំបន់ជាច្រើន ដែលកំពុងត្រូវការជំនួយ និងជួយតំបន់មួយចំនួនដែលកំពុងអភិវឌ្ឍន៍ស្រាប់ផងដែរ៕