(កំពង់ចាម)៖ ដោយសារតែស្ថានភាពទឹកទន្លេមេគង្គ បាននិងកំពុងបន្ដជន់ឡើងខ្លាំងនោះ រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបណ្ដាលឲ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៩គ្រួសារ នៅតំបន់មាត់បឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ឲ្យលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ ​រួមដំណើរជាមួយលោក ឡោ ចាន់លី អភិបាល​ស្រុកព្រៃឈរ ចុះត្រួតពិនិត្យ​ជាបន្ទាន់​។

លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដោយសារតែស្ថានទឹកកាន់តែឡើងខ្លាំងនោះ បណ្ដាលឲ្យទឹក​លិចចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់មាត់បឹង ចំនួន១៤ខ្នងផ្ទះ ហើយបច្ចុប្បន្នកងកម្លាំង​បានជួយចាត់ចែងឲ្យប្រជាពលរដ្ឋ បានរើមកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលមានសុវត្ថិភាព ស្ថិតក្នុងភូមិទួលបេង ឃុំមៀន ចំនួន២៩គ្រួសារ មនុស្សរួម១៤១នាក់ (ស្រី៧១នាក់) ព្រមទាំងដាក់កម្លាំងប្រចាំការ ដើម្បីការពារក្រែងលោមានជនឆ្លៀតឱកាស​។

ក្នុងនោះដែរ លោកអភិបាលស្រុក ក៏បានផ្ដល់តង់សម្រាប់ប្រក់ដំបូល និងចាត់ចែងរៀបចំទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកផងដែរ៕​