(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស១៣០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០១៨ ខណៈដែលមនុស្សផ្សេងទៀត៣៦១នាក់រងរបួសធ្ងន់ស្រាល។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

តាមរបាយកាណ៍ពេញ១ខែកក្កដា ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២៣៨លើក បើធៀបនឹងខែមិថុនា បានថយចុះ៥លើក, ចំនួនអ្នកស្លាប់ថយចុះ២នាក់ ខណៈចំនួនអ្នករបួសបានថយចុះ១២នាក់។

ចំពោះមូលហេតុដែលកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរក្នុងល្បឿនលឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ កត្តាយានយន្ត និងងងុយដេក។ គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា បណ្តាលឲ្យខូចខាតម៉ូតូ២៤៥គ្រឿង រថយន្តតូច១១៦គ្រឿង រថយន្តធំ៤៩គ្រឿង និងយានផ្សេង២៩គ្រឿង។

រាជធានីខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ ខេត្តកណ្តាល ២៦លើក ស្លាប់១៦នាក់ និងរបួស៧៩នាក់, ភ្នំពេញ ២៦លើកស្លាប់១៣នាក់ និងរបួស២៥នាក់, កំពង់ធំ ១២លើក ស្លាប់១៣នាក់ និងរបួស១០នាក់, កំពង់ស្ពឺ ៩លើក ស្លាប់៧នាក់ និង៨នាក់របួស, កំពត ១១លើក ស្លាប់៧នាក់ និងរបួស១៦នាក់, ព្រះសីហនុ ១២លើក ស្លាប់៧នាក់ និងរបួស២១នាក់, កំពង់ឆ្នាំង១៣លើក ស្លាប់៦នាក់ និងរបួស១៨នាក់៕