(កំពង់ធំ)៖ ​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ និងជាប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ បានបន្តដឹកនាំសហការី រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ភូមិ​-ឃុំ​ ទៅប្រគល់ផ្ទះខ្នងទី៨៧ ដែល​ជាអំណោយ​ដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រីនៃកម្ពុជា និង​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ ជូន​ដល់​អតីត​យុទ្ធ​ជន​ពិការ​ឈ្មោះ​ ឈឹម​ ហេង​ ឋានន្តរស័ក្ដិ​អនុសេនីយ៍​ទោ​ អង្គភាព​វរសនាតូច៥១​ កងពល​លេខ​១២​ចាស់​ ដែល​ត្រូវ​របួស​ក្នុង​សមរភូមិ​ស្រុកជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ នៅថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​១៩៩៦​។

អនុសេនីយ៍​ទោ​ ឈឹម ហេង​ អាយុ៥៣​ឆ្នាំ​ មាន​ភរិយា​ឈ្មោះ​ យោន តោត​ អាយុ​៥១ឆ្នាំ​ មាន​កូន​ចំនួន០​៧​ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំ​ពពក​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ប្រកបមុខរបរ​ធ្វើ​ស្រែ​ និង​ចំការ​បន្តិច​បន្តួច​ គួបផ្សំ ​និង​ប្រាក់​បៀវត្សរ៍​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ប្រចាំ​ខែ​ចំនួន​៦៥០,០០០រៀលផងដែរ។

ផ្ទះថ្មីនេះដែរសាងសង់ពីឈើខ្ពស់ផុតពីដីដំបូលស័ង្កសី ជញ្ជាំង​ និង​រនាប​ក្តារ​មាន​ទំហំ​ ៦ម៉ែត្រx៥,៥០​ម៉ែត្រ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​៦,៨៧០,០០០រៀល​។ នៅក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានពាំនាំមកនូវអំណោយជូនគាត់បន្ថែមទៀតរួម​មាន​៖ អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ , មីចំនួន០៣ កេស​ ,ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ ចំនួន០២យួរ ,មុង​ជ្រលក់​ថ្នាំ​ចំនួន០២ និង​ថវិកា​ចំនួន​ ២០០,០០០រៀល ។

ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ញាតិមិត្ត និងក្រុមគ្រួសារអតីតយុទ្ធជន មានក្តីរំភើបចិត្តយ៉ាងខ្លាំង ដែលបានទទួលផ្ទះថ្មីនេះពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕