(ស្វាយរៀង)៖ លោក ពេជ សាវ៉ាន់ អភិបាលរងខេត្តស្វាយរៀង បានជម្រុញដល់ពលរដ្ឋទាំងអស់ ត្រូវធ្វើការផ្លាស់ប្តូរឥរិយាបទផលិតស្រូវតាមទម្លាប់ ដោយងាកមកចាប់យកពូជស្រូវថ្មីខ្លីថ្ងៃ ទិន្នផលខ្ពស់ ដែលក្រសួង កសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទបានកំណត់ សំដៅផលិតឱ្យត្រូវនឹងអាកាសធាតុរួម និងទីផ្សារស្រូវ អង្ករផងដែរដើម្បីបំរើការហូបចុក និងបង្កើនចំណូល។

លោក ពេជ សាវ៉ាន់ បានលើកឡើងយ៉ាងដូចនេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលចែកពូជស្រូវ និងចូលរួម ដកស្ទួង ជូនដល់ពលរដ្ឋខ្វះកម្លាំងពលកម្ម នៅក្នុងឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកបញ្ជាក់ទៀតថា ខណៈដែលអាកាសធាតុមានការប្រែប្រួលជាបន្តបន្ទាប់នោះពលរដ្ឋត្រូវធ្វើការផ្លាស់ប្តូរពូជស្រូវ ជាបន្ទាន់ដើម្បីផលិតឱ្យត្រូវនឹងអាកាសធាតុ តាម
រយៈពិភាក្សារស្វែងរកការគាំទ្រ ពីក្រសួងមន្ទីរជំនាញផងដែរ សំដៅជំនះឧបសគ្គដែលកំពុងយាយីនៅក្នុងតំបន់នេះ ដោយផ្លាស់ប្តូរពូជស្រូវដើម្បីផលិត តម្រូវនិងអាកាសធាតុ និងទីផ្សារ ហើយពលរដ្ឋគ្រប់រូបអ្នកផលិតស្រូវ ត្រូវតែបន្តការសិក្សាស្វែងយល់ពូជស្រូវឱ្យបានច្បាស់ពីសណ្តាន អំបូរស្រូវ ជាមួយ និងមន្ទីរកសិកម្ម មុនយកទៅផលិតពីព្រោះពូជស្រូវថ្មីខ្លីថ្ងៃ តម្រូវនិងដីប្រភេទណា និងប្រើប្រាស់ជីអ្វី ការដែលបងប្អូនបានសិក្សាច្បាស់ទើបការផលិតមិនបរាជ័យ។

​​លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា ការងារបង្កបង្កើនផលស្រូវវស្សា របស់ពលរដ្ឋនៅក្នុងខេត្តចាប់ពីដើមរដូវ រហូតមកដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ កសិករសំរេច ភ្ជួររាស់ សាប ព្រោះ ដក ស្ទួងបានចំនួន ១២២,៧៤៣ហិតា ស្មើនិង៧៣% លើផែនការ ១៦៧,៥០០ហិតា ច្រូតស្រូវ ស្រាលដើម រដូវបានចំនួន៨,២៦៤ហិតា និងធ្វើកម្មវិធីស្រែបង្ហាញ ពង្រីកពូជស្រូវពូជផ្កាដល់គ្រួសារកសិករបានចំនួន៦៦គ្រួសារក្នុងចំណោមគ្រួសារគោលដៅចំនួន១០០ដើម្បីបង្ហាញដល់កសិករនៅទូទាំងខេត្តផងដែរ៕