(កំពង់ចាម)៖ ដូចដែលនាងខ្ញុំបានរំឮកមិត្តអ្នកអាននៅក្នុងអត្ថបទចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ថា មុនពេលការបោះឆ្នោតជ្រីសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ ប្រជាពលរដ្ឋខ្មែរធ្លាប់ចូលរួមការបោះឆ្នោតថ្នាក់ជាតិផង និងក្រោមជាតិផងបានចំនួន ៨ដង ហើយបានដឹងច្បាស់ថា ក្នុងបន្ទប់សំងាត់សម្រាប់គូសសន្លឹកឆ្នោត គឺគ្មានបុគ្គលណាម្នាក់អាចដឹងថា អ្នកបោះឆ្នោតគូសឱ្យគណបក្សណាមួយឡើយ បើទោះបីអ្នកបោះឆ្នោតនោះគឺជាសមាជិកគណបក្សណាមួយ ឬត្រូវបានគេផ្តល់មធ្យោបាយដឹកជញ្ជូនមកដល់កន្លែងបោះឆ្នោតក្តី។

មានអ្នកនយោបាយខ្មែរ និងមិត្តភក្រ្តបរទេសមួយចំនួនមានការភ្ញាក់ផ្អើលចំពោះការកើនឡើងនៃសម្លេងគាំទ្រគណបក្សប្រជាជន និងអត្រាដ៏ទាបនៃសម្លេងឆ្នោតមិនបានការ ដែលទាបជាងការរំពឹងទុកឆ្ងាយរបស់ពួកគេ។ គេកំពុងតែឆ្ងល់ថាហេតុអ្វីបានជាចេញពីបន្ទប់សម្ងាត់ អ្នកបោះឆ្នោត ជាពិសេសអ្នកនៅរាជធានីភ្នំពេញ ដែលអាចគូសសន្លឹកឆ្នោតក្រវ៉េមក្រវ៉ាម ឬគូសឱ្យខុសបាន បែរជាមិនធ្វើដូច្នោះ ហើយបែរជាសម្រេចចិត្តគូសជូនលេខ២០ គឺគណបក្សប្រជាជនប្រកបដោយទឹមមុខរីករាយធម្មតាច្រើនម្លេះ? តើបាត់ទៅណាហើយសម្លេងដែលធ្លាប់គាំទ្រគណបក្សមួយនោះនាពេលកន្លងទៅ?

នាងខ្ញុំសូមទាញអារម្មណ៍អ្នកនយោបាយខ្មែរ និងមិត្តភក្រ្តបរទេសមួយចំនួនថា ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា គឺប្រកាន់ភ្ជាប់នូវធម៌អហឹង្សារ ជឿទៅលើកម្មផល និងងាយអនុគ្រោះលើកលែងដល់ជនទាំងឡាយ ដែលចេះកែរលម្អខ្លួន។ ឈរលើជំនឿនេះ យើងបានសង្កេតឃើញថា ភាពប្រទាញប្រទង់គ្នា និងសកម្មភាពឌឺដងដាក់គ្នា ដោយក្រុមគាំទ្រគណបក្សនីមួយៗនាកំឡុងពេលឃោសនាបោះឆ្នោតឆ្នាំ២០១៣ និងឆ្នាំ២០១៧ បានធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការបារម្ភអំពីការបែកបាក់សង្គម ដែលអាចឈានទៅដល់ការប្រើប្រាស់ហឹង្សាដាក់គ្នា។ ការធ្វើបាតុកម្មដែលមានចរឹកញុះញង់ ហឹង្សា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ អស់ចំនួនរាប់ខែរបស់គណបក្សមួយនោះនៅកណ្តាលរាជធានីភ្នំពេញ អមដោយការហែរកាត់ទីប្រជុំជន ផ្សារ និងរោងចក្រនានា កាន់តែធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងបុគ្គលិកតាមក្រុមហ៊ុនឯកជននានាបានរងផលប៉ះពាល់ផ្ទាល់ ដោយត្រូវត្រៀមបិទទ្វារតូប ឬហាង រីឯចំណូលនិងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលខ្លួនកំពុងធ្វើការក៏មានការថយចុះច្រើនស្ទើរតែនឹងដួលរលំបាត់បង់ការងារ។

ការសម្រេចចិត្តចូលរួមប្រជុំសភាវិញដោយមេដឹកនាំគណបក្សនោះ ក្រោយពេលខ្លួនប្រើប្រាស់សំនួនវោហាសព្ទវាយប្រហាជ្រុលហួសហេតុអស់រាប់ខែ បានធ្វើឱ្យអ្នកគាំទ្រគណបក្សនោះខកចិត្ត និងងាកមកគិតឡើងវិញថា បើគង់តែអ្នកនយោបាយដែលប្រឆាំងគ្នាក្តែងៗ ហើយលួចទៅចរចាគ្នាដដែលទេ គាត់សុខចិត្តបោះឆ្នោតឱ្យគណបក្សប្រជាជនផ្ទាល់វិញវាល្អជាងពេលបោះឆ្នោតលើកក្រោយ (ឆ្នាំ២០១៨)។

ក្រៅពីកត្តាខាងលើ នៅឆ្នាំ២០១៣ អ្នកបោះឆ្នោតមួយចំនួនគឺជាអ្នកបោះឆ្នោត ដែលចង់ផ្តល់ការព្រមានដល់គណបក្សប្រជាជនថាកុំឱ្យទំរើសខ្លួន បក្ខពួកនិយម គ្រួសារនិយមក្នុងស្ថាប័នរដ្ឋ លម្អៀងតែលើអ្នកមាន យុត្តធម៌សង្គមនៅមានកម្រិត គ្រប់គ្រងទំនាស់ដីធ្លីមិនទាន់បានល្អ និងមានអំណួតហួសហេតុភ្លេចយកចិត្តទុកដាក់នឹងរាស្ត្រ មន្ត្រីរាជការ កម្មករនិយោជិត។ បើគណបក្សប្រជាជននៅតែភ្លេចខ្លួន ហើយមិនព្រមកែរលម្អនោះនៅឆ្នាំ២០១៨អ្នកបោះឆ្នោតព្រមានទាំងនោះ នឹងកៀរគមនុស្សបន្ថែមឱ្យបោះទម្លាក់គណបក្សប្រជាជនតែម្តង។

ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាលបានដឹង បានឮនូវសម្រែកម្ចាស់ឆ្នោត ជាពិសេសអ្នកដែលបោះឆ្នោតព្រមានគណបក្សមួយនេះ។ ក្រោយការបោះឆ្នោតភ្លាម រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាក់ស្តែង និងម៉ឺងម៉ាត់ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅបានច្រើនជាងអាណត្តិមុនៗ។ គុណភាពនៃសេវាសាធារណៈ ការអប់រំ និងឥរិយាបទរបស់មន្ត្រីសាធារណៈ គឺមានភាពទន់ភ្លន់ និងតម្លាភាពជាងមុន។ ប្រាក់បៀវត្សរបស់កម្មករនិយោជិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងលើសទ្វេរដង និងបើកយ៉ាងទៀងទាត់។ ការដាក់ចេញនូវការគាំពារសង្គមដល់ជនក្រីក្រ កម្មករនិយោជិត ជាពិសេសការចុះជួបជាមួយកម្មករនិយោជិតតាមរោងចក្ររបស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យលក្ខខណ្ឌការងារ និងបរិយាកាសការងាររបស់កម្មករ និយោជិតមានលក្ខណល្អប្រសើរជាងមុន ជាពិសេសសម្រាប់កម្មការិនីពេលមានផ្ទៃពោះ ពេលសម្រាលកូន និងពេលឈប់សម្រាកលំហែរមាតុភាព។

ចាប់ពីឆ្នាំ២០១៣ រហូតមកកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចជាង ៧% ដែលជាហេតុធ្វើឱ្យកម្ពុជាបន្តមានលទ្ធភាពបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋទូទៅ ជាពិសេសការកកើតរោងចក្រនៅតាមស្រុក តាមខេត្តក្បែរផ្ទះប្រជពលរដ្ឋតែម្តងដូចជានៅស្រុកជើងព្រៃ និងស្រុកព្រៃឈររបស់នាងខ្ញុំជាដើម។ ក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតឆ្នាំនេះ តម្លៃស្រូវក៏ខ្ពស់ល្មម អាចផ្តល់ប្រាក់ចំណេញដល់កសិករ រីឯទឹកភ្លៀងក៏សំបូរដែលធ្វើឱ្យប្រជាកសិករសប្បាយចិត្ត។

ក្នុងរយៈពេលដូចគ្នានេះអ្នកគាំទ្រគណបក្សប្រជាជននៅលើបណ្តាញព័ត៌មានសង្គមក៏មានការផុលផុស ហើយយុវជនគណបក្សប្រជាជនក៏បានវាយលុកចូលដល់ប្រភពហិរញ្ញវត្ថុ និងប្រភពចែកចាយព័ត៌មានរបស់គណបក្សប្រឆាំងនៅឯបរទេស ធ្វើឱ្យគណបក្សប្រជាជនមានសម្លេងគាំទ្រពីក្រៅប្រទេសវិញ អូសទាញបានសកម្មជនធំៗមួយចំនួន ដែលធ្លាប់តែប្រឆាំងឱ្យមកគាំទ្រគណបក្សប្រជាជនវិញ បានកាត់បន្ថយប្រភពចំណូលដ៏ច្រើនរបស់គណបក្សប្រឆាំងពីសហគមន៍ខ្មែរនៅក្រៅប្រទេស និងបានជួបជាមួយសហគមន៍ខ្មែរនៅក្រៅប្រទេសដើម្បីបង្ហាញនូវព័ត៌មាននានាពាក់ព័ន្ធនឹងឱកាសវិនិយោគទុន និងផែនការអភិវឌ្ឍប្រទេស។ល។

ជារួមក្រោយពីត្រូវបានព្រមានដោយអ្នកបោះឆ្នោតនៅឆ្នាំ២០១៣ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាលបានខិតខំបម្រើរាស្ត្រ កែលម្អសេវា និងឥរិយាបទរបស់ខ្លួន ជួយលើកស្ទួយជីវភាពកម្មករនិយោជិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធបានច្រើន ដែលនេះគឺជាសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោតគ្រប់រូបនាពេលនោះ។ ប្រជាពលរដ្ឋមួយចំនួនលោកអាចគិតថាបើមានបក្សប្រឆាំង ចាំតែជំទាស់ យកជើងរាលទឹកច្រើនពេកអាចធ្វើឱ្យប្រទេសអភិវឌ្ឍយឺត ហើយអាចឱ្យគណបក្សប្រជាជនយកលេសថា មកពីគណបក្សប្រឆាំងទើបរាជរដ្ឋាភិបាលធ្វើអ្វីមិនកើត ដូច្នេះក្នុងអាណត្តិនេះអ្នកបោះឆ្នោតមួយចំនួនដែលគាំទ្រគណបក្សប្រឆាំងកន្លងមកគាត់សម្រេចប្រគល់លទ្ធភាព ១០០% ឱ្យគណបក្សប្រជាជនដឹកនាំតែឯងម្តង ក្រែងល្បឿននៃការកែទម្រង់វាកាន់តែលឿន សេដ្ឋកិច្ចកាន់តែល្អ ហើយគណបក្សមួយនេះនឹងកាន់តែមានការទទួលខុសត្រូវ ជាងមុនពីព្រោះលែងមានអ្នកជំទាស់ទៀតហើយ។

អ្វីដែលនាងខ្ញុំបានលើកឡើងនេះសង្ឃឹមថាអ្នកនយោបាយមួយ និងមិត្តភក្រ្តបរទេស ដែលមិនបានគិតដល់ចំណុចនេះ អាចពិចារណាឡើងវិញ និងឈប់ភ្ញាក់ផ្អើលនឹងអត្រាកំណើនអ្នកគាំទ្រគណបក្សប្រជាជនទៀត។

ស្រីម៉ៅ-ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨