(ភ្នំពេញ)៖ លោក Lai Chu Wan ជនរងគ្រោះដោយសារជនជាតិចិនតៃវ៉ាន់៤នាក់ ប្រើហិង្សា និងប្លន់យករថយន្តកំពុងព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួនជាខ្លាំង បន្ទាប់ក្រុមជនជាតិចិនតៃវ៉ាន់ដែលខ្លួនហៅថាជាជនសង្គមងងឹតនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ ដោះលែងឲ្យជនជាតិចិនតៃវ៉ាន់ទាំងនេះមានសេរីភាពឡើងវិញ។

លោក Lai Chu Wan បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា ៤នាក់ មានលោក Yang Shi Xiao ជាមេខ្លោងបានចូលក្នុងផ្ទះរបស់ខ្លួនស្ថិតនៅផ្ទះលេខ១៣ ​ផ្លូវលេខ៣ ក្នុងបូរីភ្នំពេញថ្មី​ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ​ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។

លោក Lai Chu Wan បានរៀបរាប់ទៀតថា ក្រុមជនជាតិចិនតៃវ៉ាន់ទាំង៤នាក់នេះ បានប្រើអំពើហិង្សា បង្ករបួសស្នាមដោយយកពែងតែគប់ទៅលើរូបលោកឲ្យរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឲ្យរូបលោកចុះហត្ថលេខាលើលិខិតទទួលស្គាល់ថាជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត។

លោក Lai Chu Wan បន្ថែមថា ដោយសារតែរូបលោកមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ពួកគេ ពួកគេបានលើកថូផ្កាធំបម្រុងគប់ទៅលើលោក។ ដោយសារតែពេលនោះស្ថានភាពពោរពេញដោយភាពភ័យខ្លាចរូបលោកក៏ព្រមចុះហត្ថលេខាតែម្តង។

លោក Lai Chu Wan បានឲ្យដឹងទៀតថា ក្រុមជនជាតិចិនតៃវ៉ាន់ទាំងនេះ មិនត្រឹមតែប្រើហិង្សាប៉ុណ្ណោះទេ ថែមទាំងបានប្លន់យករថយន្តរបស់ខ្លួនម៉ាក Mecedez ទៅលាក់ទុកនៅ Condo មួយកន្លែងនៅខាងក្រោយសណ្ឋាគារណាហ្គា ក្នុងខណ្ឌចំការមនថែមទៀតផង។

លោក Yang Shi Xiao និងបក្ខពួក៣នាក់ផ្សេងទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួននៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កំហែងយក និងប្លន់យករថយន្តរបស់ជនរងគ្រោះម៉ាក Mercedes។ ​

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងបញ្ជូនជនល្មើជាមេខ្លោង Yang Shi​ Xiao ទៅតុលាការដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក។ ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទប្រកាន់តែមួយបទល្មើស គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ។

បន្ទាប់ពីសំណុំរឿងទៅដល់ដៃចៅក្រមស៊ើបសួរ លោក ហេង កេសរោ ក៏បានដោះលែងជនល្មើសឈ្មោះ Yang Shi​ Xiao ឲ្យមានសេរីភាព ខណៈបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។

លោក Lai Chu Wan បានលើកឡើងថា ការសម្រេចដោយមិនប្រក្រតីរបស់ចៅក្រម ​ហេង កេសរោ ឲ្យជនដៃដល់មានសេរីភាពឡើងវិញនេះ ធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាព និងមិនហ៊ានចូលស្នាក់នៅផ្ទះរបស់ខ្លួនវិញនោះឡើយ។

លោក Lai Chu Wan បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាតុលាការពិនិត្យលើសំណុំរឿងរបស់ឡើងវិញ និងផ្តល់យុត្តិធម៌ជូនរូបលោកដែលជាជនរងគ្រោះ។

ពាក់ព័ន្ធសំណុំរឿងខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺ និងបញ្ជាក់ពីខាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ បាននៅឡើយទេ៕

ជនល្មើសឈ្មោះ Yang Shi Xiao

ជនរងគ្រោះឈ្មោះ Lai Chu Wan

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ

ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡងឌី