(ភ្នំពេញ)៖ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងឆ្នោតយ៉ាងសន្ធឹកសន្ធាប់ពីប្រជាជន, នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជន បានថ្លែងសារពិសេសមួយទៅកាន់អ្នកសារព័ត៌មានថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា បានទទួលជោគជ័យធំ ទៅលើការកសាងសេដ្ឋកិច្ច និងប្រជាធិបតេយ្យ ដំណើរការសន្តិភាពនៅក្នុងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្នាំនេះ គឺជាឆ្នាំដែលយើងទទួលបានជោគជ័យធំ ទៅលើការកសាងសេដ្ឋកិច្ច ក៏ដូចជាការកសាងនូវអ្វីៗផ្សេងទៀត រាប់ទាំងការកសាងលទ្ធិប្រជាធិបតេយ្យ និងដំណើរការសន្តិភាពនៅក្នុងប្រទេសយើង»

ការថ្លែងសាររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកទី០១ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបង្ហាញមុខក្នុងវេទិកាសាធារណៈលើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ ដែលនឹងចាត់ទុកជាសមិទ្ធផលថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្តថា ដើម្បីអបអរដល់ជោគជ័យដ៏ធំខាងលើនេះ សម្តេចបានសម្រេចផ្តល់កាដូពិសេសចំនួន២ដល់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ចាប់ពីពេលនេះ រហូតដល់ដំណាច់ឆ្នាំ២០១៨។

បើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក (World Bank) ប្រកាសកាលពីខែឧសភា ឆ្នាំ២០១៨ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តរក្សាភាពស្វាហាប់ ហើយត្រូវបានព្យាករទុកថា នឹងកើនល្បឿនរហូតដល់ទៅ ៦,៩ ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារតែការស្ទុះឡើងវិញ ក្នុងវិស័យនាំចេញវាយនភណ្ឌ និងសំលៀកបំពាក់ អមដោយការងើបឡើង របស់វិស័យទេសចរណ៍ និងកសិកម្មផងដែរ។

ដោយឡែក របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្នុងរយៈពេល០៦ខែ ដើមឆ្នាំ២០១៨ មានការសាងសង់ថ្មីនៅកម្ពុជា បានចំនួន១,៦៤៣គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៥,៣៥២,៤២២ម៉ែត្រការ៉េ មានតម្លៃវិនិយោគប៉ាន់ស្មាន ២,១៥៣,២១១,១១៨ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះទុនវិនិយោគមកពីបរទេសមាន២១គម្រោង មានផ្ទៃក្រឡាសំណង់សរុប៩២៨,២៦៧ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មាន ៣៩៤,៣៣២,៣០០ដុល្លារផងដែរ៕