(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា រដ្ឋបាលខេត្ត បានត្រៀមកាណូតសម្រាប់ត្រៀមដឹកប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាពចំនួន២កន្លែង ដែលបានត្រៀមទុក បើសិនទឹកទន្លេមេគង្គបន្តហក់ឡើងខ្លាំងថែមទៀត។

ការបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោក អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកឆែប ចុះពិនិត្យស្ថានភាពទឹកដែលកំពុងមានការជន់លិចតំបន់មួយចំនួន នៅក្នុងឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គលើ និងទន្លេរពៅ ក្នុងភូមិសាស្ត្រឃុំកំពង់ស្រឡៅ១ និងឃុំកំពង់ស្រឡៅ២ ក្នុងស្រុកឆែប ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេឃើញថា ទឹកទន្លេកំពុងហក់ឡើង លិចកាត់ផ្លូវដោយកន្លែង ប៉ុន្តែអាចធ្វើដំណើរបាន ហើយក៏មិនទាន់មានការប៉ះពាល់ធ្ងន់ធ្ងរ ដល់ភូមិឋានប្រជាពលរដ្ឋឡើយ។

ជាមួយគ្នានោះផងដែរ រដ្ឋបាលខេត្តព្រះវិហារ បានត្រៀមកាណូត និងបានត្រៀមទីទួលសុវត្ថិភាពចំនួន២កន្លែង សម្រាប់ប្រជាពលរដ្ឋមកស្នាក់នោបណ្តោះអាសន្ន ក្នុងករណីទឹកបន្តហក់ឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់អាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកឆែប ត្រូវបន្តតាមដានស្ថានភាពទឹកទន្លេមេគង្គជាប្រចាំ ងាយស្រួលយើងជួយប្រជាពលរដ្ឋ បានទាន់ពេលវេលា ទន្ទឹមនិងនោះលោកក៏សំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗ និងទ្រព្យសម្បត្តិផងដែរ។

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨នេះ អភិបាលខេត្តព្រះវិហារ ក៏បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពទឹកទន្លេមេគង្គ និងបានណែនាំឲ្យអាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធត្រៀមចាត់វិធានការលើការជួយ សង្គ្រោះគ្រោះធម្មជាតិមួយនេះផងដែរ៕