(បារាំង)៖ «សមាគមមិត្តភាពខ្មែរក្រៅស្រុក» ដែលមានមូលដ្ឋានៅប្រទេសបារាំង បានចេញសេចក្តីថ្លែងការណ៍វាយតម្លៃខ្ពស់ ចំពោះដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នេះ ​ដោយមានភាពរលូន ក្នុងបរិយាកាសល្អប្រសើរទាំងក្នុងពេលយុទ្ធនាការបោះឆ្នោត និងថ្ងៃបោះឆ្នោតដោយគ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយឡើយ ជាពិសេសនោះជាគំរូ សម្រាប់ប្រទេសក្នុងតំបន់។

ក្នុងសេចក្ដីថ្លែងការណ៍ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ «សមាគមមិត្តភាពខ្មែរក្រៅស្រុក» បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានផ្តល់តម្លៃដោយពលរដ្ឋខ្លួនឯង តាមរយៈការចូលរួមបោះឆ្នោតជាង៨២ភាគរយ នៃចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុប និងស្ថិតក្រោមក្រសែភ្នែកមនុស្សជាច្រើនម៉ឺននាក់ ដែលជាអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងភ្នាក់ងារគណបក្ស អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីបណ្តាប្រទេសជាង៥០ លើពិភពលោក ឃ្លាំមើលនូវដំណើរការបោះឆ្នោត។

ជាមួយគ្នានេះ «សមាគមមិត្តភាពខ្មែរក្រៅស្រុក» បានបញ្ជាក់ថា «ពលរដ្ឋខ្មែរបានចូលរួមពង្រឹងនូវលទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសខ្លួន ដោយសម្តែងនូវឆន្ទៈតាមរយៈការចេញទៅបោះឆ្នោត ក្នុងចំនួនយ៉ាងច្រើនលើសលុបស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ដោយមានជម្រើសគ្រប់គ្រាន់ និងការពារដោយប្រព័ន្ធសម្ងាត់»

សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀត នៅគ្រប់ការិយាល័យទាំង២២,៩៦៧ហើយនោះ ឃើញអត្រាប្រជាពលរដ្ឋ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មានចំនួន៨២.៨៩ភាគរយ៕